(ព្រះសីហនុ) ៖ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ១ខ្នង ស្មើ ៥បន្ទប់ នៅអនុវិទ្យាល័យសំរ៉ុង ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព អាជ្ញាធរស្រុកព្រៃនប់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំបន្តការសិក្សារៀនសូត្រប្រកបដោយចំណេះដឹង ចំណេះធ្វើ និងបំណិនជីវិត ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈប្រកួតប្រជែងថ្នាក់ខេត្ត និងរាជធានី ក្មួយៗនិងជួបជាមួយនឹងធនធានមនុស្សប្រទេសជិតខាងរបស់យើងនៅពេលខាងមុខ ដូច្នេះក្មួយៗនឹងក្លាយជាទំពាំងស្នងឬស្សី ហើយអាថកំបាំង នៃភាពជោគជ័យ គឺត្រូវខិតខំឧស្សាព្យាយាមការសិក្សានៅសាលា នៅផ្ទះ ការរៀនជាក្រុមធ្វើឱ្យយើងមានការចងចាំបានល្អប្រសើរ។ ភាពជោគជ័យ វាកើតឡើងបានដោយសារពីជោគជ័យតូចជាច្រើនបូកបញ្ចូលគ្នា យើងជាយុវជនជំនាន់ក្រោយត្រូវដាក់គោលដៅរបស់ខ្លួន ដើម្បីកុំឱ្យមានការស្តាយក្រោយ ព្រោះយើងមានឱកាស ដើម្បីអនាគតខ្លួនឯង និងក្រុមគ្រួសារ ម្យ៉ាងទៀត ដើមហេតុនៃបរាជ័យ គឺជាភាពខ្ចិលច្រអូសរបស់ក្មួយៗ ដូច្នេះត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតរបស់ក្មួយនៅពេលខាងមុខ។
សូមបញ្ជាក់ផងដែរថា អគារសិក្សាថ្មី ១ខ្នង មាន ៥បន្ទប់ កសាងដោយក្រុមគ្រួសារឧបាសិកា ភូ ស៊ុនស៊ុយ នៅក្នុងអនុវិទ្យាល័យ សំរ៉ុង ចំណាយថវិកាអស់ចំនួន ១២៥ ១០៧ដុល្លាអាមេរិក។