ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ចំនួន ៤៤៣គ្រួសារ មកពីឃុំចំនួន៦ ក្នុងស្រុកព្រៃនប់ ទទួលបានអំណោយមនុស្សធម៌ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ដិតប្រធានកាកបាទក្រហមកម្ពុជា

(ព្រះសីហនុ) ៖ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ចំនួន ៤៤៣គ្រួសារ មកពីឃុំចំនួន៦ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក អ៉ី ធារិន អនុគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រៃនប់ បានធ្វើរបាយការណ៍ស្តីពីផលប៉ះពាល់ដោយខ្យល់កន្ទ្រាក់ចាប់ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានប្រជាពលរដ្ឋនៅឃុំចំនួន៦ ក្នុងស្រុកព្រៃនប់ រងគ្រោះដោយសារខ្យល់កន្ទ្រាក់រដូវរំហើយ បណ្តាលឱ្យរលំផ្ទះចំនួន ២ខ្នង និងប៉ើងដំបូលចំនួន ៤៤១ខ្នងផ្ទះ សរុបចំនួន ៤៤៣ខ្នងផ្ទះ ក្នុងនោះ ១.ឃុំសំរុងចំនួន ៤៣ខ្នងផ្ទះ ២.ឃុំវាលរេញ ៣៤ខ្នងផ្ទះ ៣.ឃុំជើងគោ ៤៤ខ្នងផ្ទះ ៤.ឃុំសាមគ្គី ១៨៧ខ្នងផ្ទះ ៥.ឃុំទឹកល្អក់ ៩០ខ្នងផ្ទះ ៦.ឃុំទឹកថ្លា ៤៣ខ្នងផ្ទះ។

ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានធ្វើការសំណេះ សំណាលជាមួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់មកពីឃុំទាំង៦ ក្នុងស្រុកព្រៃនប់ សូមចូលរួមរំលែកការលំបាកខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែណែនាំដល់សាខាខេត្ត ត្រូវយកចិត្តទុកដាក់គិតគូអំពីសុខទុកបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រមទាំងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមចូលរួមការសោកស្តាយប្រជាពលរដ្ឋរងគ្រោះខ្យល់កន្ទ្រាក់ក្នុងស្រុកព្រៃនប់ ដែលរងគ្រោះធម្មជាតិខ្យល់កន្ទ្រេាក់បំផ្លាញលំនៅដ្ឋាន និងប៉ើងដំបូលផ្ទះ។ ទន្ទឹមនោះអាជ្ញាធរស្រុក ក៏ដូចក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកព្រៃនប់ និងអនុសាខាកាកបាទក្រហមស្រុក បានជួយជាស័ង្កសីសម្រាប់សម្រួលការលំបាករបស់បងប្អូនរងគ្រោះបានមួយជំហានផងដែរ ព្រោះជារៀងរាល់ឆ្នាំ ឃុំមួយចំនួនក្នុងស្រុកព្រៃនប់តែងតែរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ទ្រាក់នៅចុងរដូវរំហើយ ហើយក្រុមការងារក៏បានចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងបាននាំយកអំណោយរបស់កាកបាទក្រហមយកមកចែកជូនបានទាន់ពេលវេលា។

ឯកឧត្តម ប្រធានសាខាកាកបាទក្រហមខេត្ត សូមអរគុណអនុសាខាស្រុក ក៏ដូចសាខាខេត្ត យុវជនស្ម័គ្រចិត្ត អ្នកស្ម័គ្រចិត្តសាខាបានសហការគ្នារៀបចំជាអំណោយបានទាន់ពេលវេលាជាការងារមនុស្សធម៌មួយដែលយើងបានធ្វើការលះបង់គ្រប់បែបយ៉ាងសម្រេាប់ជួយគ្នាក្នុងគ្រាក្រ ជួយគ្នាក្នុងគ្រាលំបាក ស្របតាមគោលការណ៍គ្រឹះរបស់កាកបាទក្រហមកម្ពុជា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតពីការលំបាក ជិត ឬឆ្ងាយ មានព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះដោយមិនរួញរាឡើយ ជាគោលដៅរួមចំណែកជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ លើកទឹកចិត្តនូវក្តីសង្ឃឹម និងភាពកក់ក្តៅដល់ជនរងគ្រោះ គ្រួសាររងគ្រោះ ជាពិសេសជនចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារដែលមានជំងឺប្រចាំកាយជាដើម។

ជាមួយគ្នានេះឯកឧត្តម ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក៏បានពាំនាំសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងមិនរងគ្រោះក្នុងស្រុកព្រៃនប់ ព្រោះទីណាមានការលំបាក គឺមានគណបក្សប្រជាជននៅជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ក្រោមការដឹកបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចនៅតែបន្តកៀគរអ្នកវិនិយោគពីបរទេសមកកាន់ខេត្តព្រះសីហនុ ធ្វើឱ្យកូនចៅរបស់យើងមានការងារធ្វើ មានប្រាក់ចំណូលក្នុងគ្រួសារ បង្កើនជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។

ក្នុងឱកាសនោះឯកឧត្តម ប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហកមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៤៤៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ឃីត១កញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ៥ម៉ឺនរៀល ដោយឡែកប្រជាពលរដ្ឋរលំផ្ទះចំនួន២ខ្នង ទទួលបានតង់១ ធុងទឹក១ សម្ភារៈផ្ទះ បាយ១ឈុត និងថវិកា ១លានរៀល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *