ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម​ អំពាវនាវសូមឱ្យនាំគ្នាចូលរួមលេងកីឡា​ ដើម្បីថែរក្សាសុខភាពឱ្យបានរឹងមាំ និងបានជៀសផុតពីជំងឺកាចសាហាវ

(កំពង់ចាម) ​៖ នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២៥ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦​ នៃទិវាជ័យជម្នះ ៧ មករា នាព្រឹកថ្ងៃទី​៥​ ខែមករា​ ឆ្នាំ​២០២៥​ នៅទីលានបាល់ទះ(កីឡដ្ឋាន) ការិយាល័យ​អប់រំកាយក្រុងកំពង់ចាម​។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអំពាវនាវ​សូមឱ្យនាំគ្នាចូលរួមលេងកីឡា ទោះកីឡាប្រភេទណាក៏ដោយ គឺដើម្បីថែរក្សាសុខភាពយើងឱ្យបានរឹងមាំ និងបានចៀសផុតពីជំងឺ កាចសាហាវទាំងឡាយគ្រប់ៗគ្នា។​

ក្នុងឱកាសនោះដែរ​ ឯកឧត្តមភិបាលខេត្ត បានថ្លែងថា​ វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយដែលរដ្ឋាភិបាលកម្ពុជា​ ដែលមាន សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិ​ ក្នុងការអភិវឌ្ឍ និងកិត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ។

ជាមួយគ្នានោះ​ ឯកឧត្ដមអភិបាលខេត្ត​ ក៏បានអំពាវនាវសូមឱ្យយុវជន យុវនារីគ្រប់រូបបង្វែចិត្តគំនិតមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពិសេសកីឡា​ ដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឱ្យសមស្រប ទៅតាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ។​ និងសូមឱ្យកីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ និងថែរក្សា វប្បធម៌ ប្រពៃណី ក្នុងពេលប្រកួតឱ្យបានខ្ជាប់ខ្ជួន​ផងដែរ​ ។

បេីតាមលោក​ លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម បានឱ្យដឹងថា​ ក្រុមកីឡាករកីឡាការិនី មន្ទីរ-អង្គភាពជុំវិញខេត្ត ក្លិប និងក្រុង-ស្រុក ដែលបានចូលរួម ប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៥នេះ សរុបចំនួន​ ៩១ក្រុម ដែលមានកីឡាករ កីឡាការិនី​ សរុប​ ៩៣១នាក់ និងគ្រូបង្វឹកចំនួន ១៨៧នាក់ ហើយប្រភេទកីឡាដែលបានដាក់ឲ្យប្រកួត​ រួមមាន កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាប៉េតង់ប៊ូល កីឡាវាយកូនឃ្លីលើតុ និងកីឡាវាយសី ផងដែរ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *