(ព្រៃវែង) ៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ០១ខ្សែ ប្រវែង ១.១០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកមេសាង ពិសេសប្រជាពលរដ្ឋក្នុងឃុំជីផុចទាំងមូល ដែលមានទីតាំងនៅចំណុចវត្តពោធិ៍សាលា(ហៅវត្តយាង) ស្ថិតនៅភូមិយាងតូច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ លោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលស្រុកមេសាង នាយកទីចាត់ការសាលាខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលស្រុកមេសាង ព្រមទាំងប្រជាពលរដ្ឋ សរុបម្រមាណ១៣០អង្គ/រូប។
សូមបញ្ជាក់ផងដែរថា ដោយសារតែការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ ការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ការបង្ខិតសេវាទៅដល់ថ្នាក់ឃុំ-សង្កាត់ បានធ្វើឱ្យ ឃុំ-សង្កាត់មានការរីកចម្រើន ដោយពិនិត្យឃើញថា ជីវភាពរបស់ប្រជាពលរដ្ឋមានការកើនឡើង ពិសេសនៅជនបទ និងនៅទីប្រជុំជនមានផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវលំខ្វែងខ្វាត់ ជាក់ស្តែងក្នុងឆ្នាំ២០២៤ សម្រាប់ស្រុកមេសាងទទួលបានគម្រោងដែលរាជរដ្ឋាភិបាល ផ្តល់តាមរយៈឃុំ មានចំនួន១៤គម្រោង ក្នុងនោះផ្លូវបេតុមានចំនួន ៨គម្រោង៕