(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួម មីទ្ទីញរំឭកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហង់ ជួនណារ៉ុង ឧបនាយករដ្ឋមន្ត្រី អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ដែលពិធីនេះប្រព្រឹត្តទៅនៅសួន វិមានឯករាជ្យ ក្រុងកំពង់ចាម ដោយមាន សមាជិកចូលរួមប្រមាណជិត១មុឺននាក់។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្ត បានអះអាងថា ក្នុងរយៈពេលជាង៤ ទស្សវត្សរ៍ បន្ទាប់ពីថ្ងៃ៧មករា ១៩៧៩ មកដល់ពេលនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តរក្សាបាន នូវស្ថេរភាពនយោបាយ សេដ្ឋកិច្ច សង្គមមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះខេត្តកំពង់ចាម ទទួលបានការអភិវឌ្ឍន៍ និងរីកចម្រើនគួរឱ្យកត់សំគាល់ ដែលធ្វើឱ្យប្រជាជនមានជីវភាពធូរធារ។
ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា នៅឆ្នាំ២០២៤ ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម មានកំណើន ៨,៦% ស្មើនឹង ២.៦៥៧លានដុល្លារ ក្នុងនោះ វិស័យ កសិកម្មមានទំហំ ១.០៣៤ លានដុល្លា, វិស័យឧស្សាហកម្ម មានទំហំ ៨៥៧ លានដុល្លា និងវិស័យ សេវាកម្មមានទំហំ ៧៦៦លានដុល្លា និងមាន GDP សម្រាប់មនុស្សម្នាក់ៗ ចំនួន ២.៣១១ដុល្លារ ក្នុងមួយឆ្នាំ។ តាមការរំពឹងទុកនៅឆ្នាំ២០២៥ ខេត្តកំពង់ចាម មានទំហំសេដ្ឋកិច្ចនឹងកើនដល់ ២.៨៦៧លានដុល្លា និងមានGDP មនុស្សម្នាក់ៗនឹងកើនដល់២.៤៧៨ដុល្លាក្នុងមួយឆ្នាំ។
ឯកឧត្ដម អ៊ុន ចាន់ដា បានបន្តថា ក្នុងឆ្នាំ២០២៤នេះ ខេត្តកំពង់ចាមទទួលបានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ២៧ខ្សែ ប្រវែង១១៩,១គ.ម, ផ្លូវបេតុង ចំនួន ២០៧ខ្សែ ប្រវែង ៨៩,៥គ.ម និងផ្លូវដី ចំនួន ៣៨ខ្សែ ប្រវែង ១៥៥,៦គ.ម។ ក្រៅពីនេះ នៅមានសមិទ្ធផលនានាជាច្រើនទៀតដែល បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម បានទទួលពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមមាន៖ ទីលានទុកដាក់សំរាមក្រុងកំពង់ចាម តាមលក្ខណៈស្តង់ដាបច្ចេកទេស, គម្រោងសាងសង់ប្រព័ន្ធលូ ដោះទឹកកខ្វក់ និងលូដោះទឹកភ្លៀង និងគម្រោងទឹកស្អាត។ល។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសង្កត់ធ្ងន់ថា កត្តាសន្តិសុខ និងសន្តិភាព ក្នុងប្រទេស គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន មានសន្តិភាព មានការអភិវឌ្ឍ មានសន្តិភាព ប្រជាពលរដ្ឋមានឱកាសគ្រប់គ្រាន់ក្នុងការដើរកំសាន្តបានគ្រប់ពេលវេលាគ្រប់ទីកន្លែង។ ហេតុនេះយើងទាំងអស់គ្នា ត្រូវរួមគ្នាបន្តថែរក្សាសន្តិភាព ដើម្បីបន្តការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ ជាពិសេសគឺបន្តអភិវឌ្ឍន៍ខេត្តកំពង់ចាមរបស់យើងឱ្យកាន់តែមានការរីកចម្រើនជាងនេះបន្តទៀតផងដែរ៕