ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីប្រកាសចូលកាន់មុខដំណែងមន្ត្រីរាជការ សាលាខេត្តព្រៃវែង ចំនួន ១២រូប

(ព្រៃវែង) ៖ រសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីប្រកាសចូលកាន់មុខដំណែងមន្ត្រីរាជការ សាលាខេត្តព្រៃវែង ចំនួន ១២រូប ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈខេត្តព្រៃវែង នៅសាលប្រជុំធំ “A” សាលាខេត្តព្រៃវែង។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានសភាពាណិជ្ជកម្ម ប្រធានសាខាគយ និងរដ្ឋាករ នាយិកាសាខាកាកបាទក្រហមខេត្ត ប្រធានសាខា ក.ប.ប. ប្រធានច្រកទ្វារព្រំដែនទាំង៦ លោក លោកស្រីមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាសាលាខេត្តទាំងអស់ សរុបប្រមាណ ៣៦០រូប។

យោងដីការបស់រដ្ឋបាលខេត្តព្រៃវែង ត្រូវបានទទួលការតែងតាំង ប្រគល់ និងផ្ទេរភារកិច្ចចំនួន ១២រូបរួមមាន៖ នាយករងរដ្ឋបាល ចំនួន ២រូប នាយកទីចាត់ការ ចំនួន ១រូប ប្រធានអង្គភាព ចំនួន ១រូប អនុប្រធានអង្គភាព ចំនួន ១រូប ប្រធានការិយាល័យ ចំនួន ២រូប និងអនុប្រធានការិយាល័យ ចំនួន ៥រូប។

បន្ទាប់ពីការអានដីកាតែងតាំង ប្រគល់ និងផ្ទេរភារកិច្ច ដោយនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងការធ្វើការប្តេជ្ញាចិត្តតំណាងសមាសភាពដែលត្រូវតែងតាំង ប្រគល់ និងផ្ទេរភារកិច្ចរួច ឯកឧត្តមអភិបាល បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការដែលទើបតែងតាំងថ្មី និងមន្រ្តីរាជការក្រោមឱវាទពាក់ព័ន្ធ ត្រូវគោរពទៅតាមឋានានុក្រម តួនាទីភារកិច្ច និងត្រូវសហការធ្វើការងារជាក្រុម ពេលបំពេញការងារជូនអង្គភាព។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *