ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្ត ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃរដ្ឋបាលខេត្តព្រៃវែង ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងពន្យល់បន្ថែមអំពី «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA»។
សារសំឡេងរបស់សម្ដេច ពិតជាបានធ្វើឱ្យក្រុមប្រឆាំងមួយក្តាប់តូច និងសាធារណជនកាន់តែយល់ច្បាស់អំពី «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍»នេះ ព្រោះថា កិច្ចសហប្រតិបត្តិការនេះ មិនបានធ្វើឱ្យបាត់ទឹកដីទៅបរទេសណាមួយ ដូចការចោទប្រកាន់ឡើយ ហើយវាមិនមែនជាការរកស៊ីហ៊ុនជាមួយគ្នា ដូចការដែលគេមួលបង្កាច់ផងដែរ។ ម្យ៉ាងវិញទៀតតំបន់ជាប់ព្រំដែននេះមិនមែនជាតំបន់ស្វយ័តដាច់ដោយឡែក ឬជាប្រទេសមួយដាច់ដោយឡែកឡើយ វាគឺជាកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍តាមតំបន់ជាប់ព្រំដែនប៉ុណ្ណោះ ដែលបានធ្វើជាច្រើនឆ្នាំមកហើយ។
ការរៀបចំឱ្យមាន «កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍-DTA» បានផ្លាស់ប្ដូរស្ថានភាពខេត្តទាំងបួន ទៅជាតំបន់មានសុវត្ថិភាពគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងបានប្រែក្លាយតំបន់ទាំងនោះទៅជាតំបន់កំពុងអភិវឌ្ឍន៍។ ក្នុងនោះមានប្រទេសជប៉ុន និងតួអង្គអន្តរជាតិផ្សេងៗទៀតជាច្រើន បានជួយចូលរួមអភិវឌ្ឍន៍ដែលរួមមានទាំងការតភ្ជាប់ប្រព័ន្ធទឹក បណ្ដាញអគ្គិសនី សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបម្រើដល់វិស័យពាណិជ្ជកម្ម ទេសចរណ៍ ទូរគមនាគមន៍ជាដើម។
សារពន្យល់របស់សម្តេចតេជោ ក៏ដូចជាសម្តេចមហាបវរធិបតីកន្លងមក ល្មមឱ្យបងប្អូនយល់ និងលែងជឿលើការញុះញង់បោកបញ្ឆោតរបស់ក្រុមឱកាសនិយមស្រេកឃ្លានអំណាចបានហើយ។ សូមបងប្អូន កុំលង់ជឿតាមខ្សែញាក់របស់ក្រុមអគតិទាំងនោះ និងងាកមករកការការពារទឹកដីពិតប្រាកដជាមួយរាជរដ្ឋាភិបាលរបស់យើង។
សូមបងប្អូនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ហ៊ុន សែន ដែលលោកតែងតែព្យាយាមពន្យល់ ប្រកបដោយព្រហ្មវិហារធម៌ និងសច្ចៈធម៌។
សូមបញ្ឈប់ការចូលរួមធ្វើសកម្មខុសច្បាប់នានា ខុសពីគន្លងប្រជាធិបតេយ្យពិតប្រាកដ។ បើបងប្អូន ដើរហួសបន្ទាត់ក្រហម នោះនឹងនាំឱ្យបងប្អូនជាប់ក្នុងបទល្មើសព្រហ្មទណ្ឌ និងនាំឱ្យមានការអនុវត្តច្បាប់ ពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងរាជរដ្ឋាភិបាលជាក់ជាមិនខាន។ សូមបងប្អូនទាំងអស់ ពិសេសយុវជនរបស់យើងរួមគ្នាដើម្បីកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងតរៀងទៅ។
🙏សូមគោរពអរគុណ🙏