(ភ្នំពេញ) ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសាររិះគន់ទៅកាន់អ្នកនយោបាយប្រឆាំងថា ក្នុងនាមជាអ្នកនយោបាយ មិនត្រូវយកបញ្ហាព្រំដែនធ្វើជាល្បែងនយោបាយ និងញុះញង់ប្រជាពលរដ្ឋនោះទេ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានអ្នកនយោបាយមួយចំនួនបានយករឿងនយោបាយទៅភ្ជាប់ជាមួយរឿងបច្ចេកទេសដែលជារឿងផ្សេងគ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្នកនយោបាយត្រូវធ្វើនយោបាយដោយគិតគូទៅលើផលប្រយោជន៍ជាតិជាធំ កុំយករឿងព្រំដែនទៅធ្វើល្បែងនយោបាយរបស់ខ្លួន៕