(ព្រះសីហនុ) ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្ត ចែកជូនដល់ប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះចំនួន ២ខ្នង ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខអាណិតអាសូរក្រៃលែង ចូលរួមសោកស្ដាយចំពោះគ្រួសាររងគ្រោះ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់គ្រួសាររងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តមប្រធាន បានក្រើនរំលឹកដល់គ្រួសាររងគ្រោះអោយប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានាពិសេស គ្រោះអគ្គិភ័យ ដែលអាចកើតមានគ្រប់ពេលប្រសិនបើមានការធ្វេសប្រហែសណាមួយ។ ហេតុនេះមុននឹងចេញពីផ្ទះត្រូវពន្លត់ភ្លើងចង្ក្រានហ្គាស បិទកុងតាក់ជាមុនសិន ពិសេសការតបណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញមករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋានបច្ចេកទេសអោយបានត្រឹមត្រូវ។ ហើយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកសម្ភារៈផ្ដល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម ត្រីខ ១យួរ មី ២កេស ទឹកត្រី ១យួរ ទឹកសុទ្ធ ២កេស កន្ទេល១ ឃីត១(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ១លានរៀល ព្រមទាំងឧបត្ថម្ភដល់ម្ដាយស្ដ្រីរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ ថវិកាចំនួន ៤០មុឺនរៀលផងដែរ៕