(កំពង់ចាម) ៖ ព្រឹកថ្ងៃចន្ទ ៧ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ចាម បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការផ្តល់ជ័យលាភីនៃការអនុវត្តគោលនយោយបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងសេវាសង្គមសម្រាប់រដ្ឋបាលឃុំ-សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់ សម្តេច មហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលប្រសូត្រចេញ ពីការបោះឆ្នោតដោយ សេរី តម្លាភាព យុត្តិធម៌ ទើបតែមានរយៈពេល១ឆ្នាំ បានបន្តបេសកកម្មដ៏ឧត្តុងឧត្តមក្នុងការការពារ ថែរក្សាសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាននៅក្នុងនីតិកាល កន្លងទៅ តាមរយៈការបន្តពង្រឹងសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ការថ្លែងបែបនេះក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការផ្តល់ជ័យលាភីនៃការអនុវត្តគោលនយោយបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងសេវាសង្គមសម្រាប់រដ្ឋបាលឃុំ-សង្កាត់ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។
ក្នុងអង្គសិក្ខាសាលានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា គោលបំណងនៃការរៀបចំប្រឡងប្រណាំងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាព» និងសេវាសង្គមសម្រាប់រដ្ឋបាលឃុំ-សង្កាត់ គឺដើម្បីជំរុញ លើកទឹកចិត្តដល់ រដ្ឋបាលឃុំ-សង្កាត់ ក្នុងការខិតខំលើកកម្ពស់ កែលម្អសកម្មភាពអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន សម្រាប់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ជនងាយរងគ្រោះ ដូចជា៖ ស្ត្រី កុមារ មនុស្សចាស់ ជនក្រីក្រ ជនមានពិការភាព នៅមូលដ្ឋានរបស់ខ្លួន និងសំដៅកសាង ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ បណ្តាលមកពីគ្រោះមហន្តរាយ និង ជំងឺឆ្លងរាតត្បាត នៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមាន ការដោះស្រាយវិវាទនៅ មូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច នៅមូលដ្ឋាន និងឈានទៅកាត់បន្ថយភាពក្រីក្រ និងពង្រឹងការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដើម្បីសម្រេចបាន ជោគជ័យនូវ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងការអនុវត្តការងារសេវាសង្គម ដោយមានការចូលរួមអនុវត្តពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោម ជាតិគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធនានា សំដៅឱ្យប្រជាពលរដ្ឋ មានសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមល្អប្រសើរ រក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងអនាម័យ ប្រជាពលរដ្ឋទទួលបានការផ្តល់សេវានានាប្រកបដោយគុណភាព តម្លាភាព បរិយាប័ន្ន និងរស់នៅ ប្រកបដោយសុវត្ថិភាព ផាសុខភាព និងសុខដុមរមនាផងដែរ ៕