(ព្រះសីហនុ) ៖ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរដ្ឋបាលដីធ្លីស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលរងក្រុង ប្រធានមន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីរៀបចំបណ្តាញអូរ ប្រឡាយ និងខ្សែផ្លូវប្លង់គោលប្រើប្រាស់ដីធ្លីក្នុងភូមិ៣ សង្កាត់លេខ១ ខេត្តព្រះសីហនុ ដោយសារខេត្តព្រះសីហនុមាន៥ក្រុង ស្រុក មាន ២៩ឃុំ សង្កាត់ ស្មើនឹង ១១១ភូមិ ដោយឡែកយើងបានចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋបានចំនួន ១០៦ភូមិ ហើយនៅសល់ប្រមាណ ៥ភូមិទៀតយើងនឹងចេញបណ្ណបញ្ចប់នៅពេលខាងមុខ ព្រោះការចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ជួយកាត់បន្ថយទំនាស់ដីធ្លីនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ រាជរដ្ឋាភិបាល បានកំពុងជំរុញការចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឱ្យបានលឿនឆាប់ ដើម្បីជួយកាត់បន្ថយនូវទំនាស់ដីធ្លី ទន្ទឹមនោះយើងត្រូវរៀបចំប្រព័ន្ធអូរ ប្រឡាយ និងកំណត់ចំណីផ្លូវជាតិ ផ្លូវរថភ្លើងឱ្យបានធំទូលាយ ម្យ៉ាងប្រព័ន្ធអូរ ប្រឡាយឱ្យបានធំទូលាយ ព្រោះកត្តាអាកាសធាតុមានការប្រែប្រួលមិនទៀងទាត់ធ្វើឱ្យមានជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ដល់បងប្អូនប្រជាពរលដ្ឋនៅក្នុងមូលដ្ឋាន។
ក្នុងកិច្ចប្រជុំមន្ទីរជំនាញ និងអាជ្ញាធរដែនដី បានធ្វើការពិភាក្សាកាត់តម្រឹមកែសម្រួលប្លង់គោលប្រើប្រាស់ដីធ្លីក្នុងសង្កាត់លេខ១ មានដូចជាអូរ ប្រឡាយ និងផ្លូវជាតិ ផ្លូវរថភ្លើងឱ្យបានធំទូលាយ និងធ្វើការសម្របសម្រួលដោះស្រាយបញ្ហាប្រឈម ដើម្បីរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីនៅក្នុងភូមិ៣ សង្កាត់លេខ១ មានលក្ខណៈប្លង់ប្រព័ន្ធ៕