(ស្ទឹងត្រែង) ៖ បុរសជនជាតិឡាវម្នាក់ ត្រូវបានចាប់ខ្លួនជាមួយគ្រឿងញៀនជាង៣០០គីឡូក្រាម នៅចំណុចកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខណៈកំពុងដឹកជញ្ជូនគ្រឿងញៀនតាមរថយន្តពីប្រទេសឡាវឆ្លងដែនចូលមកកម្ពុជា ។
តាមប្រភពព័ត៌មានឲ្យដឹងថា សមត្ថកិច្ចរួមមានកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀនក៩ ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនៃការិយាន័យនគរបាលប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៧០១បានបើកប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ពីប្រទេសឡាវចូលកម្ពុជាផ្លូវគោកដោយបានឃាត់ខ្លួនជនសង្ស័យជនជាតិឡាវម្នាក់ រួមវត្ថុតាងលើរថយន្តសង្ស័យគ្រឿងញៀនចំនួន១៨បេ ។
ប្រភពដដែលបន្តថា ក្រោយកម្លាំងសមត្ថកិច្ចស្ទាក់រថយន្តសង្ស័យចំនួន២គ្រឿង ដើម្បីត្រួតពិនិត្យរកឃើញ វត្ថុតាងសង្ស័យកម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យរួមវត្ថុតាង និងមធ្យោបាយបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីត្រួតពិនិត្យតាមនីតិវិធីបន្ថែម ។
តាមសមត្ថកិច្ចឲ្យដឹងទៀតថា នៅថ្ងៃទី៣០ តុលា ២០២៤ ដដែល ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចបានត្រួតពិនិត្យលើវត្ថុតាងនិងធ្វើតេស្តរកសារធាតុញៀន ។ ជាក់ស្ដែង វត្ថុតាងដែលបានដករហូត គឺជាគ្រឿងញៀនប្រភេទ«កេតាមីន»មានចំនួន១៨បេ ស្មើនិង៣២០ដុំ ថ្លឹងទម្ងន់សុទ្ធ៣១៥គីឡូ និង៧២៤.៨ក្រាម ។
សមត្ថកិច្ចបន្ថែមថា ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ ឡៅ លី (lAO lEE) ភេទប្រុស ជាជនជាតិឡាវ ទីកន្លែងកំណើតប្រទេសឡាវ ។ ចំពោះសម្ភារដកហូតរួមមានរថយន្តចំនួន០២គ្រឿង (ម៉ាក TOYOTA FORTUNER ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2H-7583 និងម៉ាក TOYOTA TUNDRA ស្លាកលេខភ្នំពេញ 2AA-5577 ពណ៌ខ្មៅ) ទូរស័ព្ទដៃចំនួន ០២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕សហការី