ព័ត៌មានជាតិ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងថា ក្មួយៗមានសិទ្ធិគ្រប់យ៉ាងក្នុងការជ្រើសរើសការងារដែលយើងចង់បាន ដើម្បីចូលហ្វឹកហ្វឺនឱ្យមានចំណេះជំនាញបទពិសោធន៍អនុវត្តការងារ !

(ព្រះសីហនុ)៖ ព្រឹកថ្ងៃទី៤  ខែធ្នូ   ឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ពិធីសំណេះសំណាលនេះ ធ្វើនៅទីបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរាយការណ៍ស្តីពីការជ្រើសរើស និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចូលរួមហ្វឹកហ្វឺននៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ខេត្តកំពង់ឆ្នាំង បេក្ខជនគ្រប់លក្ខណសម្បត្តិ (ជាប់ជាស្ថាពរ)ចំនួន ១៩នាក់ ត្រូវបានក្រសួងការពារជាតិចេញប្រកាសបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បំពេញឱ្យក្របខ័ណ្ឌកងរាជអាវុធហត្ថ ក្លាយជាយោធិន នៃកងរាជអាវុធហត្ថជាផ្លូវការ ព្រមទាំងបានប្រមូលផ្តុំហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពមានរយៈពេល ៧២ថ្ងៃ ស្មើនឹង ៥០៧ម៉ោង មានថ្ងៃឈប់សម្រាកមានចំនួន ២៧ថ្ងៃ ជាក់ស្តែងរៀនមានចំនួន ៤៤ថ្ងៃ ស្មើនឹង ៣១១ម៉ោង ក្នុងនោះបែងចែកខ្លឹមសារមុខវិជ្ជារួមមាន៖ លំហាត់របៀប ហ្វឹកហ្វឺនកីឡា និងផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ មួយជំហានមុនផងដែរ និងរៀបចំពិធីសំណេះសំណាល ជូនដំណើរទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធ ហត្ថ (ភ្នំជុំសែនរីករាយ)នាពេលនេះ។ ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ សូមអបអរសាទរចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណសម្បត្តិ (ជាប់ជាស្ថាពរ)ក្នុងការប្រឡងដែលត្រូវបានជូនដំណើរចូលហ្វឹកហ្វឺននៅមជ្ឈមហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ដែលចេញពីការជ្រើសរើសក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលដោយថ្លែងថា ក្មួយៗមានសិទ្ធិគ្រប់យ៉ាងក្នុងការជ្រើសរើសការងារដែលយើងចង់បាន ដើម្បីចូលហ្វឹកហ្វឺនឱ្យមានចំណេះជំនាញបទពិសោធន៍អនុវត្តការងារ ហើយនេះជាមោទនភាពដែលក្មួយចេះគឺជាប់។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា មានថ្ងៃ ២ធ្នូ ទើបយើងមាន ៧មករា មានថ្ងៃ ៧មករា ទើបយើងមានអ្វីៗដូចថ្ងៃនេះ និងសូមថ្លែងអំណរគុណដល់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត តែងតែយកចិត្តទុកដាក់ក្នុងការចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបន្តថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីឱ្យខេត្តព្រះសីហនុ ដើទៅមុខស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានដាក់ទិសដៅខេត្តព្រះសីហនុ ក្លាយជាខេត្តតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ហើយនៅឆ្នាំ២០៣ ជំរុញកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ ការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលជាមូលដ្ឋានគ្រឹះមួយធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទំនុកចិត្តលើរាជរដ្ឋាភិបាល មានទំនុកចិត្តលើកងកម្លាំងប្រដាប់អាវុធរបស់យើង មានឱកាសឱ្យយើងបញ្ជូនកូនចៅទៅចូលសាលារៀន ដូច្នេះយើងត្រូវបន្តកិច្ចសហការបន្តទៀត ដើម្បីថែក្សាសន្តិសុខ សុវត្ថិភាពនៅខេត្តរបស់យើងឱ្យបានកាន់តែល្អបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ក្មួយៗត្រូវគោរពបទបញ្ជាផ្ទៃ វិន័យរបស់សាលា ពិសេសត្រូវខិតខំប្រឹងប្រែងរៀនសូត្រយកចំណេះជំនាញបទពិសោធន៍ត្រឡប់មកវិញអនុវត្តតាមការណែនាំរបស់អង្គភាព បន្តរក្សាសន្តិសុខ សុវត្ថិភាពជូនសង្គមជាតិ ក្នុងការចូលរួមគ្រប់សកម្មភាពជាមួយរាជរដ្ឋាភិបាល ជាពិសេសចូលរួមគ្រោះមហន្តរាយនានាដែលជាផ្នែកមួយនៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងជូនពរឱ្យក្មួយៗទាំងអស់មានសុខភាព កាយសម្បទាមាំមួន ប្រាជ្ញាឈ្លៀសវៃទទួលបានជោគជ័យក្នុងបេសកកម្មរបស់ខ្លួននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ)ទាំងអស់គ្នា។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនកងរាជអាវុធហត្ថថ្មីចំនួន ១៩នាក់ ក្នុងម្នាក់ទទួលបានថវិកា ២០ម៉ឺនរៀល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *