ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២​ ក្រោមប្រធានបទ “បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល”

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២​ ក្រោមប្រធានបទ “បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល” ដែលធ្វើឡើងនៅសាលាខេត្តកំពង់ចាម ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវលើកទឹកចិត្តនិងផ្តល់ឱកាសឱ្យជនមានពិការភាព​ ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង ឱ្យបានចូលបម្រើការងារដោយគ្មានការរើសអើង។

ឯកឧត្ដម អភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ​ ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ត្រូវអនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ច ជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារ ដូចអ្នកដទៃដែលមានចែង ក្នុងច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ​ផងដែរ​ ។

ឯកឧត្ដម អភិបាលខេត្ត​ បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់​ ត្រូវបន្តជម្រុញការសម្ភាសន៍កំណត់អត្តសញ្ញាណកម្ម និងចែកបណ្ណសម្គាល់ជនមាន ពិការភាព ឱ្យបានគ្រប់ៗគ្នា និងណែនាំឲ្យជនមានពិការភាពដែលមានបានបណ្ណសម្គាល់ស្ថិតក្នុង គ្រួសារមានបណ្ណសមធម៌ ទៅចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅតាមរដ្ឋបាលឃុំ សង្កាត់ ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានអត្ថប្រយោជន៍នានា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា​ ក្នុងខេត្តកំពង់ចាម ជនមានពិការភាពដែលបានកំណត់អត្តសញ្ញាណកម្ម សរុបចំនួន ១៧,៣៦១នាក់ ក្នុងនោះ ជនមានពិការភាពទទួលបានបណ្ណសម្គាល់ សរុបចំនួន ១២,៩០៧នាក់ និងជនមានពិការភាពស្ថិតក្នុងគ្រួសារមានបណ្ណសមធម៌​ ចំនួន ៤,៦៤៦នាក់ ក្នុងនោះជនមានពិការភាព​ ចំនួន ១,៧៩៥នាក់ បានចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុង កញ្ចប់គ្រួសារទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *