ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!

(ភ្នំពេញ) ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០២ករណីផ្សេងគ្នា ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់។

ប្រតិបត្តិការបង្ក្រាបករណីទាំង០២ខាងលើរួមមាន ៖

១-ជនសង្ស័យឈ្មោះ គង់ សារី ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនបានកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុច ផ្លូវបេតុង ភូមិព្រែករាំង សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង និងបានធ្វើតេស្តរកឃើញថាមានសារធាតុញៀនក្នុងខ្លួនផងដែរ។ វត្ថុតាងចាប់យក ម៉ូតូ ០១គ្រឿង ម៉ាក HONDA BEAT ពណ៌ស ស្លាកលេខ 2LF-0870 រួមនិងសម្ភារៈសម្រាប់ធ្វើសកម្មភាពជាច្រើនទៀត។ ក្រោមវិធានការជំនាញជនសង្ស័យបានសារភាពឲ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅទីតាំងខាងលើ ពិតប្រាកដមែន ហើយកន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃសរ ចំនួន ០១ ឆ្នាំ និង ០៦ ខែ ពាក់ព័ន្ធនឹងករណី លួច (ទូរស័ព្ទ) តាំងពីឆ្នាំ២០១៧ និងបានប្រើប្រាស់គ្រឿងញៀន តាំងពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន។

២-កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១៣ និង ១០នាទី មានជនសង្ស័យ ០១ក្រុម បានធ្វើសកម្មភាពលួចកាត់ដែក នៅចំណុចសាលារៀនទុកចោល ផ្លូវ៣១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ គាប់ជួនពេលនោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក កំពុងតែល្បាតនៅម្តុំនោះ ក៏ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាព ក៏ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ គឺ ឈ្មោះ នាង ស្រស់ ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ នាំយកមកមូលដ្ឋានខណ្ឌ ដើម្បីស្តាប់ចម្លើយអំពីរឿងហេតុ និងចាត់វិធានការតាមនីតិវិធី ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួនសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។ ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងថា ពួកខ្លួន រួមនឹងបក្ខពួកពិតជាបានធ្វើសកម្មភាពលួចកាត់ដែកនៅទីតាំងខាងលើពិតប្រាកដមែន ហើយកន្លងមកពួកខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀនអស់រយៈពេលជាច្រើនឆ្នាំហើយ និងធ្លាប់ជាប់មណ្ឌលស្តារនីតិសម្បទាផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *