ព័ត៌មានជាតិ

អនុគណៈកម្មាធិការ​វិនិយោគខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមនៅក្រុងកំពង់សោម

(ព្រះសីហនុ) ៖ នាថ្ងៃទី១១ ខែមមីនា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំ តំណាងមន្ទីរ អង្គភាព និងមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមមួយកន្លែងដែលស្ថិតនៅសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

លោកអភិបាលរង បានធ្វើការណែនាំដល់អ្នកវិនិយោគឱ្យសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបំពេញលក្ខខណ្ឌនានាដែលច្បាប់បានកំណត់ និងបានពិនិត្យលទ្ធភាពជួយសម្របសម្រួលនីតិវិធីមួយចំនួនដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីកាត់បន្ថយរយៈពេលរងចាំច្បាប់អនុញ្ញាតរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ លោកអភិបាលរងក៏បានស្នើដល់ វិនិយោគិនត្រូវអនុវត្តតាមការណែនាំរបស់មន្ទីរអង្គភាពជំនាញ និងគោរពច្បាប់ គត្តិយុត្តនានារបស់កម្ពុជា និងត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន។

តាមរបាយការណ៍របស់ម្ចាស់សំណើបានឱ្យដឹងថា​រោងចក្រផលិតគ្រឿងសង្ហាររឹមនឹងមានតម្រូវការកម្លាំងពលកម្មប្រមាណជា ៨០ នាក់ និងមានទិសដៅផលិត និងផ្គត់ផ្គង់តម្រូវការក្រៅប្រទេសផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងបានចុះពិនិត្យដំណើររោងចក្រផលិតទឹកថ្នាំគូសគំនូរ និងរោងចក្រផលិតស៊ុមរូបថត ដែលទទួលបានការផ្តល់ការលើកទឹកចិត្តពីអនុគណៈកម្មាធិការវិនិយោគខេត្ត ក្នុងយន្តការតាមដានថែទាំសម្របសម្រួលជូនអ្នកវិនិយោគ ដើម្បីស្តាប់ និងប្រមូលធាតុចូលពីវិនិយោគិនផ្ទាល់អំពីបញ្ហាប្រឈម និងសំណូមពរនានាផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *