(ព្រះសីហនុ) ៖ រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលមខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងគម្រោងវិនិយោគរោងចក្រកែច្នៃថ្មម៉ាបដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ក្រុមហ៊ុនបានជំរាបជូនឯកឧត្តម អភិបាលខេត្តថា ជំហានដំបូងក្រុមហ៊ុនសាងសង់រោងចក្រកែច្នៃថ្មម៉ាបចំនួន ៦អគារ ត្រូវការកម្លាំងពលកម្មចំនួន ៣០០នាក់ និងលើកទីពីរចំនួន ៦អគារបន្ថែមទៀត និងឃ្លាំងចំនួនមួយនៅលើផ្ទៃដី ២២ម៉ឺនម៉ែត្រការ៉េ។ ហើយវត្ថុធាតុដើមថ្មម៉ាប គឺជារបស់កម្ពុជា នាំមកពីខេត្តក្រចេះ ចំពោះលទ្ធផលសម្រេចដែលកែច្នៃរួចក្រុមហ៊ុនធ្វើការលក់ក្នុងស្រុក និងនាំចេញទៅកាន់អ៉ឺរ៉ុប។
ក្នុងឱកាសនោះក្រុមហ៊ុនក៏បានស្នើសុំឱ្យឯកឧត្តម អភិបាលខេត្ត ជួយសម្របសម្រួលពន្លឿនឯកសារសាងសង់ និងសុំបើកទ្រូង ផ្លូវជាតិលេខ៤ ចូលមករោងចក្រ។ ប្រសិនបើដំណើរការរលូនតាមផែនការក្រុមហ៊ុន និងចាប់ផ្តើមដំឡើងនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ ចំពោះកម្មករក៏ត្រូវជ្រើសរើសនៅខែកក្កដា ទន្ទឹមនោះក្រុមហ៊ុនក៏មានធ្វើការបណ្តុះបណ្តាលបច្ចេកទេសដល់កម្មករឱ្យមានជំនាញបច្ចេកទេសក្នុងចង្វាក់ផលិតកម្មកែច្នៃថ្មម៉ាបផងដែរ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានគាំទ្រ និងជួយសម្របសម្រួលគម្រោងកែច្នៃរបស់រោងចក្រផលិតថ្មម៉ាប ព្រមទាំងបានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសវិនិយោគត្រូវសហការជាមួយក្រុមហ៊ុន ពិនិត្យលើឯកសារ ដើម្បីពន្លឿនដំណើរការនាំចូលគ្រឿងបង្គំដំឡើងរោងចក្រកែច្នៃថ្មម៉ាបនេះឱ្យបានលឿនឆាប់តាមដែលអាចធ្វើទៅបាន៕