(បាត់ដំបង) ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិបឹងបី និងភូមិព្រែកអាំ ឃុំរបស់មង្គល ស្រុកមោងឫស្សី។
តាមរយៈរបាយការណ៍លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង បានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីនៅក្នុងខេត្តបាត់ដំបងបានរៀបចំក្រុមចុះបញ្ជីចំនួន១១ក្រុម មានកម្លាំងសរុបចំនួន២២០នាក់។ការអនុវត្តការងារចុះបញ្ជីបង្ហើយក្បាលដីបានអនុវត្តចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ សម្រេចបានការវាស់វែងក្បាលដីចំនួន១៨៧ ៧១៤ក្បាលដី។ក្បាលដីដែលត្រូវវាស់វែងបង្ហើយមានចំនួន៧៩ ៣៣៧ក្បាលដីទៀត គ្រោងនឹងបញ្ចប់ការវាស់វែងនៅត្រឹមខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការវាស់វែង និងចេញប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រួចរាល់ដើម្បីឈានទៅបញ្ចប់បញ្ហាទំនាស់ដីធ្លី។
ឯកឧត្តម សុខ លូ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវរក្សាដីធ្លីដែលទទួលបានកម្មសិទ្ធិនេះឱ្យបានល្អ កុំលក់ដូរប្រសិនបើមិនមានការចាំបាច់ ដើម្បីទុកសម្រាប់ប្រើប្រាស់បង្កបង្កើនផល និងចែកជូនដល់កូនចៅជំនាន់នាន់ក្រោយក៏ដូចជារក្សាលំនឹងជីវភាពរស់នៅប្រចាំថ្ងៃ ខណៈដីធ្លីពិតជាសំខាន់ខ្លាំងណាស់ព្រោះមនុស្សមានកំណើនឡើងជាបន្តបន្ទាប់ប៉ុន្តែដីធ្លីមិនកើននោះទេ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដទៅដាក់ពាក្យស្នើសុំដីសម្បទានពីរាជរដ្ឋាភិបាលតាមរយៈគោលនយោបាយកម្មវិធីផ្តល់ដីការពារព្រៃរដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព និងត្រូវចៀសវាងការចូលទន្រ្ទានកាន់កាប់ដីព្រៃ និងរំលោភលើដីចំណីផ្លូវជាដើម។
ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវអប់រំកូនចៅចៀសឆ្ងាយពីគ្រឿងញៀន ចូលរួមរាយការណ៍អំពីបញ្ហាគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ចូលរួមថែរក្សាអនាម័យបរិស្ថាន បង្កើនការចិញ្ចឹមសត្វ និងដាំដំណាំបន្លែបង្ការផ្សេងៗជុំវិញផ្ទះដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃកាន់តែប្រសើរឡើង។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ បានអញ្ជើញដឹកនាំក្រុមការងារ ចុះប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងថវិការមួយចំនួនជូនពលរដ្ឋចាស់ជរាចំនួន៣ គ្រួសារនៅតាមគេហដ្ឋានដែលពុំអាចទៅទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដោយផ្ទាល់បាន។