ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយសិស្សានុសិស្សប្រឡងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប៨៩នាក់!

(ព្រៃវែង) ៖ នៅល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយសិស្សានុសិស្សប្រឡងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប៨៩នាក់ មកពីខេត្តព្រៃវែង និងអាណាព្យាបាល ព្រមទាំងនាយកសាលា ២៨នាក់ ដែលពិធីនេះត្រូវបានប្រារព្ធឡើងនៅភោជនីយដ្ឋាន សេវេនឡាក់ឃីងប្រាយ រាជធានីភ្នំពេញ។

ឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងមានមោទនភាពយ៉ាងអនេកចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្សដែលបានរួមគ្នាសម្រេចបាននូវភាពជោគជ័យដ៏ត្រចះត្រចង់នេះ ជាពិសេស ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ពួកគេ និងសេចក្តីប៉ងប្រាថ្នាជាក់លាក់លើការសិក្សា រួមជាមួយការលើកទឹកចិត្តផ្សេងៗទៀត ដែលនាំដល់ការទទួលបាននូវលទ្ធផលវិជ្ជមានសម្រាប់សិស្សានុសិស្សទាំងអស់ នឹងក្លាយជាអ្នកបន្តវេនក្នុងការកសាងធនធានមនុស្ស និងអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិកម្ពុជាឱ្យមានគុណភាពខ្ពស់ ស្របតាមបរិបទនៃការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បានផ្ដល់នូវថវិការឧបត្ថម្ភលើកទឹកចិត្តដល់សិស្សានុសិស្សនិទ្ទេសA និងលោកគ្រូនាយកសាលា សរុបថវិកាទាំងអស់ ៣៨.៤០០.០០០រៀល ក្នុងនោះសិស្សនិទ្ទេសA មួយនាក់ៗទទួលបាន ថវិកាចំនួន៤០០.០០០រៀល និងនាយកសាលា ក្នុងមួយនាក់ទទួលបានថវិកាចំនួន១០០.០០០រៀល ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។