ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត​ អញ្ជេីញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់សហភាពសហព័ន្ធយុវជនកម្ពុជា

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃព្រហស្បន៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤​ ខែមីនា ឆ្នាំ២០២៤​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់សហភាពសហព័ន្ធយុវជនកម្ពុជាឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ សមាជិក និង សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបជុំគ្នា ដើម្បីធ្វើការពិនិត្យនូវសមិទ្ធផល ចំណុចខ្វះខាត និង បញ្ហាប្រឈម ក្នុងការអនុវត្តការងារកន្លងមក ព្រមទាំង​ពិភាក្សា​ផ្លាស់​ប្តូរ​មតិយោបល់ និង ឧត្តមានុវត្ត ដែលជាធាតុចូល សម្រាប់លើកទិសដៅអនុវត្តការងារនៅឆ្នាំបន្ទាប់ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ ។

នៅក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានរំឭកនឹកដល់គុណូបការៈ ប្រកបដោយក្តីកតញ្ញូដ៏ជ្រាលជ្រៅបំផុតជូនចំពោះអតីតយុវជនកម្ពុជា ដែលបានស្ម័គ្រចិត្តតស៊ូលះបង់ជីវិត សាច់ស្រស់ ឈាមស្រស់ ដោយបានចាប់ផ្តើមចលនាតស៊ូរំដោះជាតិ ដើម្បីសង្រ្គោះប្រទេសកម្ពុជាឱ្យផុតពីជ្រោះមរណៈ ហើយបានបន្តការពារ ស្តារ និងអភិវឌ្ឍប្រទេស រហូតមកដល់ពេលបច្ចុប្បន្ន ។

សម្តេចធិបតី បានធ្វើការចង្អុលបង្ហាញថា យុវជនបាន និង កំពុង ដើរតួនាទីស្នូល និងចូលរួមបុព្វហេតុជាតិមាតុភូមិ ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ តាមរយៈការបន្តថែរក្សាសមិទ្ធផលយុវជនជំនាន់មុនបន្សល់ទុក កសាងសមិទ្ធផលវិជ្ជមានបន្ថែម ព្រមទាំងរៀបចំមូលដ្ឋានរឹងម៉ាំសម្រាប់ជំនាន់ក្រោយទៀត ក្នុងន័យនេះ ស.ស.យ.ក. មានភារកិច្ចចម្បងក្នុងការបង្កើតវិធីសាស្ត្រទាក់ទាញសមានចិត្ត ភាពច្នៃប្រតិដ្ឋ និង បត់បែន ដើម្បីអាចបំផុសយុវជនឱ្យចូលរួមក្នុងបុព្វហេតុជាតិ ដោយកាន់ដៃគ្នាដើរលើវិថីនៃសន្តិភាព ឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន ក្នុងស្មារតីសាមគ្គីភាពរឹងមាំនៃមហាគ្រួសារយុវជនកម្ពុជា ព្រមទាំងកសាងសង្គមទំនើបមួយដ៏រឹងមាំ មានឯករាជ្យ សន្តិភាព សេរីភាព សមភាព ប្រជាធិបតេយ្យ និងមានផលិតភាពការងារខ្ពស់ ដែលជាគន្លឹះក្នុងការពង្រឹងខឿនសេដ្ឋកិច្ចជាតិ ។ ទន្ទឹមនេះ បន្តស្មារតី ឆន្ទៈ និង សកម្ម​ភាព​​ដ៏ថ្លៃថ្លានេះ ដែលជាមូលដ្ឋានប្រកបដោយឥទ្ធិពលជាវិជ្ជមាន ក្នុងការអប់រំផ្នត់គំនិត និងឥរិយាបថ​របស់យុវជនយើង នៅគ្រប់មជ្ឈដ្ឋានឱ្យចូលរួមបន្តពូនជ្រំ និងកសាងប្រទេសជាតិ ស្រឡាញ់ទឹកដី និងមាតុភូមិ តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ‐ដំណាក់កាលទី ១ ដោយរួមបញ្ចូលនូវ «កម្មវិធីគោលនយោបាយ» និង «វិធានការគន្លឹះ»​ សំខាន់ៗ ដែលបានកំណត់ទិសដៅ និងជាអាទិភាព ក្នុងការដឹកនាំ សំដៅឈានឆ្ពោះទៅដល់ការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសចំណូលខ្ពស់ ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធានរបស់ថ្នាក់ដឹកនាំ ស.ស.យ.ក. គ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកាគ្រប់រូប ចាប់តាំងពីថ្នាក់កណ្ដាលរហូតដល់ថ្នាក់មូលដ្ឋាន ដែលបានចូលរួមអនុវត្តបានយ៉ាងពេញលេញប្រកបដោយប្រសិទ្ធភាពនូវ «ផែនការយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិឆ្នាំ ២០២៣-២០២៨» ដែលនេះពិតជាបាន ឆ្លុះបញ្ចាំងនូវស្មារតីសាមគ្គីឯកភាពគ្នាដ៏រឹងមាំ ប្រកបដោយភាតរភាព រួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងមានការបេ្តជ្ញាចិត្តខ្ពស់ ក្នុងការបន្តជ្រោងខ្ពស់ទង់ចលនាយុវជន ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ៕

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #peaceofcambodia

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។