ព័ត៌មានជាតិ

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ៤១គ្រួសារ នៅស្រុកកំពង់ត្របែក ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

(ព្រៃវែង) ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ក្រុមការងារអនុសាខាស្រុក អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៤១គ្រួសារ ក្នុងនោះរងគ្រោះខូចខាតទាំងស្រុងចំនួន ១៣គ្រួសារ (ប្រភេទ ក) និងខូចខាតមធ្យមចំនួន ២៨គ្រួសារ (ប្រភេទ ខ) ក្នុងស្រុកកំពង់ត្របែក នៅឃុំគោខ្ចក និងឃុំប្រាសាទ ស្មើនឹង ៦ភូមិ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៤ៈ៣០នាទីល្ងាច។

ថ្លែងនាឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវសេចក្តីនឹករលឹកពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិដែលបានបំផ្លាញនៅទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់បាក់រលំផ្ទះនាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត បានបន្តទៀតថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែយលចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ។ ( ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជា សម្រាប់យើងគ្រប់ៗគ្នា)។ ឯកឧត្តមប្រធាន ក៍បានផ្សព្វផ្សាយបន្ថែមអំពីការចូលរួមអបអរសាទរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម សុវត្ថិភាពចរាចរណ៍ គោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់ការប្រើប្រាស់ថង់ប្លាស្ទិក សរុបអ្នកចូលរួមចំនួន ៧៨នាក់ ស្រី ៥២នាក់។

សម្ភារៈផ្តល់ជូនរួមមាន៖
-រងគ្រោះធ្ងន់ធ្ងរ (ប្រភេទ ក) ៖ អង្ករ ២៥គ.ក កន្ទេល ១ តង់ ១ មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ១០០,០០០រៀល។

-រងគ្រោះមធ្យម (ប្រភេទ ខ) ៖អង្ករ ២៥គ.ក កន្ទេល ១ មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ៥០,០០០រៀល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។