ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជម្រុញដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជម្រុញដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេស ថ្ងៃដែលត្រូវអនុញ្ញាត បើកឲ្យដំណើរសាលារៀនឡើងវិញ។ ក្រៅពីនោះ ត្រូវចូលរួមទាំងអស់គ្នា អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល «៣ការពារ និង៣កុំ»។ ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងឱកាស ដែលឯកឧត្ដមអភិបាលខេត្ត អញ្ជើញក្នុងពិធីសំណេះសំណាល ជាមួយក្មួយៗ សិស្សានុសិស្ស ដែលទទួលបានអាហាររូបករណ៍ ចំនួន ៩៩នាក់ និងអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការរៀបចំសាលាឡើងវិញ នៅវិទ្យាល័យ ជួន ណាត ស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ផ្ដាំផ្ញើការសួរសុខទុក្ខ ដល់ក្មួយៗសិស្សានុសិស្ស ដែលបានទទួលអាហាររូបករណ៍ ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ និងកាត់បន្ថយភាពក្រីក្រ។ ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំឲ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានអាយុ ១២ឆ្នាំ ឡើងទៅ ត្រូវអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ ឲ្យបានគ្រប់គ្នាៗ និងចូលរួមការពារ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងតួនាទីរបស់ខ្លួន ជាពិសេស នាអំឡុងពេលបង្រៀន និងពេលសិក្សារៀនសូត្ររបស់លោកគ្រូ អ្នកគ្រូ និងក្មួយៗ នាពេលខាងមុខនេះ ពីព្រោះថា នៅថ្ងៃទី២០ ខែកញ្ញា នេះ រដ្ឋបាលខេត្តកំពង់ចាម នឹងសម្រេចបើកឲ្យដំណើរសាលាឡើងវិញ ចាប់ពីថ្នាក់កម្រិតអនុវិទ្យាល័យឡើង នៅក្នុងដំណាក់ទី១។ ដោយឡែក ក្នុងដំណាក់ទី២ ក៏គ្រោងឲ្យបើកដំណើរការរៀនសូត្រ នៅថ្នាក់កម្រិតបឋមសិក្សា នៅថ្ងៃទី១១ ខែតុលា ខាងមុខនេះ ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។