ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម បង្ហាញអំពី លទ្ធផលនៃការអនុវត្តគោលការណ៍បច្ចេកទេសកសិកម្មអភិរក្សដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពដី

(ភ្នំពេញ) :ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញអំពី ប្រព័ន្ធផលិតកម្មកសិកម្មទាំងនៅតំបន់ខ្ពង់រាប និងទំនាបកណ្តាលនៅប្រទេសកម្ពុជាបានប្រែប្រួលយ៉ាងឆាប់រហ័ស ពីការធ្វើកសិកម្មយថាផលទៅជាប្រព័ន្ធប្រពលវប្បកម្ម ដោយផ្តោតទៅលើមុខដំណាំសំខាន់ៗរួមមានស្រូវ ដំឡូងមី ពោត សណ្តែក និងដំណាំអចិន្ត្រៃយ៍ដូចជាឈើហូបផ្លែ និងស្វាយចន្ទីជាដើម។ ដោយមានតម្រូវការទីផ្សារខ្ពស់ចំពោះបរិមាណពោត និងដំឡូងមីសម្រាប់ផលិតចំណីសត្វ ឬជីវឥន្ធនៈ ចេះតែមានការកើនឡើង ហើយនេះគឺជាបច្ច័យមួយដ៏សំខាន់ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីការដាំដុះដំណាំចម្រុះសម្រាប់ផ្គត់ផ្គង់ឲ្យគ្រួសារ ទៅជាផលិតកម្មពាណិជ្ជកម្មវិញ។ ការសិក្សាជាច្រើនបានបង្ហាញថាបញ្ហាប្រឈមនៃកង្វះពលកម្ម ធាតុចូលកសិកម្ម បច្ចេកទេសដាំដុះ បច្ចេកទេសគ្រប់គ្រង និងលើកកម្ពស់គុណភាពដី រួមជាមួយ នឹងការប្រែប្រួលអាកាសធាតុគឺជាដើមហេតុជំរុញឱ្យមានការធ្លាក់ចុះគុណភាពដី បង្កការហូរច្រោះជីជាតិដី ការបាត់បង់ជីវៈចម្រុះ ហើយកត្តាទាំងអស់នេះវានឹងនាំមកនូវការប្រើប្រាស់ជីគីមីកសិកម្មកាន់តែច្រើនឡើងៗក្នុងប្រព័ន្ធផលិតកម្មដំណាំ។ ស្ថិតក្នុងស្ថានភាពនេះ ការធានាឱ្យបាននូវនិរន្តរភាពនៃការប្រើប្រាស់ធនធានដីកសិកម្ម មានសារសំខាន់ណាស់ដើម្បីរក្សាបាននូវស្ថិរភាពផលិតកម្មកសិកម្ម ទាំងនៅតំបន់ទំនាបកណ្តាលដែលមានផលិតកម្មស្រូវជាមូលដ្ឋាន និងនៅតំបន់ខ្ពង់រាបដែលមានប្រព័ន្ធផលិតកម្មដំណាំចម្ការចម្រុះ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដីតាមរយៈការអនុវត្តកម្មវិធីជាតិប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដីឆ្នាំ២០១៨-២០២៧។ ឆ្នាំ២០០៤ មជ្ឈមណ្ឌលស្រាវ ជ្រាវកសិកម្មបារាំងសម្រាប់ការអភិវឌ្ឍអន្តរជាតិ (CIRAD) បានសហការជាមួយនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម ចាប់ផ្តើមស្រាវជ្រាវដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មអភិរក្សដោយផ្តោតលើការធ្វើពិសោធន៍ វាយតម្លៃ និងសាកល្បងនៅលើស្រែកសិករនូវប្រព័ន្ធដាំដុះដំណាំតាមគោលការណ៍បច្ចេកទេសកសិកម្មអភិរក្សសម្រាប់តំបន់វាលទំនាប និងខ្ពង់រាប នៅស្ថានីយពិសោធន៍កសិកម្មអភិរក្សបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ កិច្ចសហការនេះទទួលបានការគាំទ្រថវិកាពីដៃគូអភិវឌ្ឍន៍នានារួមមាន៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ (SDC) និងសម្ព័ន្ធបម្រែបម្រួលអាកាសធាតុកម្ពុជា (CCCA) ហើយមានដៃគូរជាតិ និងអន្តរជាតិជាច្រើនចូលរួមសហការគាំទ្រផងដែរ មានដូចជា Swisscontact UNCSAM CE SAIN និង SmartAgro។ល។

ប្រព័ន្ធកសិកម្មអភិរក្សផ្អែកលើគោលការណ៍បច្ចេកទេសចំនួន៣សំខាន់ៗរួមមាន៖ ទី១- ការកាត់ បន្ថយការរំខានដល់ដីជាអប្បបរមា ឬគ្មានការភ្ជួររាស់។ ទី២- ការផ្តល់ការការពារដីជាអចិន្រ្តៃយ៍ដោយការដាំដំណាំគម្របដី និងទី៣- ការធ្វើពិពិធកម្មប្រភេទដំណាំតាមរយៈការដាំដំណាំបង្វិល។ គោលការណ៍ទាំង ៣ នេះបង្កើតឱ្យមានដំណើរការអេកូឡូស៊ី ជាពិសេសជាមួយប្រព័ន្ធកាក សំណល់ដែលមានលំហូរឥតឈប់ឈរនៃសារធាតុសរីរាង្គស្រស់ជំរុញឱ្យមានភាពចម្រុះ និងមុខ ងារជីវៈចម្រុះ ធ្វើឱ្យប្រសើរឡើងនូវទម្រង់ដី និងបង្កើនបរិមាណសារធាតុសរីរាង្គដីដែលមានមុខ ងារក្នុងការបង្កើនភាពធន់របស់ប្រព័ន្ធផលិតកម្មដំណាំ។ ការធ្វើពិពិធកម្មដំណាំ និងការបញ្ចូលដំណាំគម្របដីដែលជាពពួកដំណាំពហុប្រយោជន៍ជួយបង្កើន និងពង្រីកមុខងារជីវសាស្ត្រក្នុងប្រព័ន្ធដាំដុះ។

គោលដៅចម្បង គឺដើម្បីបង្កើតលំហូរកាបូនអចិន្រ្តៃយ៍ពីជីវម៉ាស់ទាំងខាងលើ និងក្រោមដីដើម្បី ធ្វើឱ្យប្រសើរឡើងនូវគ្រប់ផ្នែកទាំងអស់នៃដីមានលក្ខណៈរូប គីមី និងជីវសាស្ត្រ។ ប្រព័ន្ធកសិកម្មអភិរក្ស (Conservation Agriculture: CA) ឬប្រព័ន្ធដាំដុះដោយព្រួសគ្រាប់ពូជផ្ទាល់ដោយប្រើកាកសំណល់ដំណាំ (Direct Seeding Mulch-based Cropping Systems: DMC) បង្កើតជាវិធីសាស្រ្តចម្រុះតាមបែបជីវសាស្រ្តដើម្បីគ្រប់គ្រងជីជាតិដី ខណៈបច្ចេកទេសដាំដុះតាមទម្លាប់ផ្តោតលើការគ្រប់គ្រងផ្នែកនីមួយៗនៃគុណភាពដីមានដូចជា ការភ្ជួររាស់ដើម្បីឱ្យដីធូរ និងកំចាត់ស្មៅចង្រៃមួយចំនួន ការប្រើប្រាស់ជី (គីមីនិងសរីរាង្គ) ដើម្បីផ្តល់សារធាតុចិញ្ចឹមដល់ដំណាំ និងការប្រើប្រាស់ថ្នាំកសិកម្មដើម្បីកំចាត់សត្វល្អិត ស្មៅ និងជំងឺផ្សេងៗ។ ដូច្នេះ ការស្តារជីជាតិដីឡើងវិញនិងការបង្កើនគុណភាពដីតាមរយៈការដាំដំណាំចម្រុះជាប់ជាប្រចាំ និងក្នុងចន្លោះពេលសមស្របជួយបង្កើនបរិមាណសារធាតុចិញ្ចឹម កាត់បន្ថយជាអប្បបរិមានៃការបាត់បង់ទឹក និងសារ ធាតុចិញ្ចឹម បង្កើនមុខងារជីវសាស្ត្រចម្រុះរបស់ដី និងលើកកម្ពស់អន្តរកម្មជីវសាស្រ្តដែលផ្តល់សារៈប្រយោជន៍ជាច្រើនក្នុងប្រព័ន្ធដាំដុះ។

តាមរយៈការស្រាវជ្រាវបានវាយតម្លៃពីប្រសិទ្ធភាពកសិកម្មអភិរក្សទាំងទិន្នផល ប្រាក់ចំណេញ និងបម្រែបម្រួលជីជាតិដីដោយគ្របដណ្តប់លើលក្ខខណ្ឌក្សេត្របរិស្ថានចម្រុះនៃផលិតកម្មដំណាំទាំងតំបន់ទំនាបកណ្តាល និងខ្ពង់រាបនៅក្នុងខេត្តបាត់ដំបង កំពង់ធំ កំពង់ចាម និងព្រះវិហារ ត្រូវបានសិក្សា និងចងក្រងឡើងដើម្បីបង្កើតជាភស្តុតាងសំរាប់ជំនួយដល់អ្នករៀបចំគោលនយោបាយប្រើប្រាស់ និងគ្រប់គ្រងដី ក៏ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬស្ថាប័នពាក់ព័ន្ធនានាដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

– ឥទ្ធិពលនៃបច្ចេកទេសកសិកម្មអភិរក្សលើប្រសិទ្ធភាពផ្នែកផលិតកម្ម និងសេដ្ឋកិច្ច

លទ្ធផលនៃការវាយតម្លៃពីប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ចនៃការអនុវត្តបង្គុំបច្ចេកទេសកសិកម្មអភិរក្សនៅកម្រិតស្រែ/ចម្ការកសិករបង្ហាញថា ក្នុងដំណាក់កាលនៃការផ្លាស់ប្តូរមកអនុវត្តកសិកម្មអភិរក្សដោយបញ្ឈប់ការដុតកាកសំណល់ដំណាំ កាត់បន្ថយការភ្ជួររាស់ និងដាំដំណាំគម្របដីអំបូរសណ្តែកក្រោយប្រមូលផល ដំណាំកសិករទទួលបានកំណើនទាំងទិន្នផល និងប្រាក់ចំណេញ។ ចំពោះផលិតកម្មស្រូវទំនាបពឹងផ្អែកលើរបបទឹកភ្លៀងលើប្រភេទដីព្រៃខ្មែរ (ដីខ្សាច់ខ្សត់ជីជាតិពីធម្មជាតិ) ស្ថិតក្នុងស្រុកបាណន់ខេត្តបាត់ដំបងក្នុងឆ្នាំ២០១៩ ទិន្នផលស្រូវ មានការកើនឡើងជាមធ្យម ១តោន/ហ.ត ក្រោយពីការអនុវត្តកសិកម្មអភិរក្ស (ទិន្នផលមធ្យម ៣,៨ តោន/ហ.ត) បានរយៈពេល០២ឆ្នាំ បើប្រៀបធៀបនឹងបច្ចេកទេសដាំដុះតាមទម្លាប់កសិករ (ទិន្នផលមធ្យម ២,៨៣ តោន/ហ.ត)។ បើទោះបីជាថ្លៃដើមផលិតកម្មរវាងបច្ចេកទេសទាំងពីរមានចំនួនប្រហាក់ប្រហែលគ្នា កំណើនទិន្នផលស្រូវជួយឱ្យកសិករទទួលបានប្រាក់ចំណេញបន្ថែមមធ្យមចំនួន ៣៤៨ ដុល្លារអាមេរិក/ហ.ត (ក្រាហិ្វចទី ២)។

លទ្ធផលនៃការពិសោធន៍ប្រៀបធៀបបច្ចេកទេសដាំដុះលើចម្ការកសិករដែលនៅជិតគ្នាបានបង្ហាញថា ចំពោះផលិតកម្មដំណាំពោតនៅតំបន់ខ្ពង់រាបលើប្រភេទដីខ្មៅ Mollisol ក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៩ បានបង្ហាញថា ការដាំពោតលើដំណាំគម្របដី (ចំណាយសរុបចំនួន ៥៥៣ ដុល្លារអាមេរិក/ហ.ត) បានរួមចំណែកក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្មប្រមាណ ២១% បើប្រៀបធៀបនឹងការដាំដុះតាមទំលាប់ អាស្រ័យលើការភ្ជួររាស់ (៧០២ដុល្លារ/ហ.ត)។ បើទោះបីជាមានការកាត់បន្ថយបរិមាណជីក្នុងកម្រិតទាបជាងលើបច្ចេកទេសដាំដុះដោយផ្ទាល់លើដំណាំគម្របដី (N:55, P:23, K:0) ធៀបនឹងការដាំដុះតាមទំលាប់ (N:87, P:46, K:0) ក៏ដំណាំពោតមានទិន្នផលស្មើគ្នារវាងបច្ចេកទេសទាំងពីរ ខណៈការដាំលើគម្របដីស្រស់ផ្តល់ប្រាក់ចំណេញប្រហែល ១២% ឬ ១១៧ ដុល្លារ/ហ.ត ខ្ពស់ជាងការដាំដុះតាមទំលាប់។

– ឥទ្ធិពលប្រព័ន្ធនៃការភ្ជួររាស់លើការហូរច្រោះដី

ការហូរច្រោះដីមិនត្រឹមតែជាមូលហេតុដ៏ចម្បងក្នុងចំណោមយន្តការផ្សេងៗ ដែលបង្កឱ្យមានការសិករេចរិលគុណភាពដីប៉ុណ្ណោះទេ តែថែមទាំងបង្កការបំពុលបរិស្ថាន ពិសេសប្រភពទឹកផ្នែកខាងក្រោមនៃទីជម្រាល ការបំផ្លាញបណ្តាញប្រភពទឹកធម្មជាតិរួមមាន៖ ព្រែក ស្ទឹង ទន្លេជាដើម បង្កឡើងដោយដំណើរកំណកកករ (Sedimentation) ធ្វើឱ្យរីងខះប្រភពទឹក។ ការណ៍នេះបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបាត់បង់ជីវចម្រុះក្នុងដី លើដី និងក្នុងទឹក។

លទ្ធផលនៃការសិក្សាអំពីឥទ្ធិពលប្រព័ន្ធនៃការភ្ជួររាស់មកលើផលិតកម្មដំណាំពោតលើចម្ការកសិករដោយប្រៀបធៀបបច្ចេកទេស ១. ដាំដុះតាមទំលាប់អាស្រ័យលើការភ្ជួររាស់ដើម្បីរៀបចំដី ២. ការប្រើប្រាស់ដំណាំគម្របដីជាជីស្រស់ដោយភ្ជួរលុប និង ៣. ការដាំលើដំណាំគម្របដីដោយគ្មានការភ្ជួររាស់តាមគោលការណ៍កសិកម្មអភិរក្ស ដែលមានកម្រិតជម្រាលផ្សេងគ្នា (៣% និង ៥%) លើប្រភេទដីខ្មៅ Cambisols នៅក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងក្នុងរដូវដាំដុះឆ្នាំ២០១៩ បានបង្ហាញថា ការដាំដុះតាមទម្លាប់ដោយអាស្រ័យលើការភ្ជួររាស់ដើម្បីរៀបចំដី បង្កការហូរច្រោះដីក្នុងបរិមាណដ៏គួរឱ្យព្រួយបារម្ភ ទាំងដីដែលស្ថិតក្នុងកម្រិតជម្រាលទាប និងមធ្យម។ ក្រាហ្វិកទី ៥ បង្ហាញពីឥទិ្ធពលប្រព័ន្ធនៃការភ្ជួររាស់មកលើបរិមាណនៃការហូរច្រោះដី។ ការភ្ជួររាស់បង្កឱ្យមានការបាត់បង់ដីស្រទាប់ លើប្រមាណ ១០,៥ តោន/ហ.ត/ឆ្នាំ ក្នុងកម្រិតជម្រាល ៣% ខណៈបរិមាណហូរច្រោះមានការកើនឡើងរហូតដល់ ៤២ តោន/ហ.ត/ឆ្នាំ ក្នុងកម្រិតជម្រាល ៥%។

តាមការប៉ាន់ស្មាន បរិមាណដីដែលបាត់បង់ដោយហូរច្រោះ បាននាំយកនូវបរិមាណសារធាតុចិញ្ចឹមចំបងៗក្នុងបរិមាណយ៉ាងច្រើនរួមមាន៖ កាបោនសរីរាង្គនៃដី ចន្លោះពី ២១៨ – ៨៧៤ គ.ក្រ/ហ.ត/ឆ្នាំ អាសូតសរុប ចន្លោះពី ២២ – ៨៩ គ.ក្រ/ហ.ត/ឆ្នាំ ផូស្វ័រចន្លោះពី ១០០ – ៤២៤ គ.ក្រ/ហ.ត/ឆ្នាំ និងប៉ូតាស្យូមប្រមាណ ២,៥ – ១០,៦ គ.ក្រ/ហ.ត/ឆ្នាំ។ ការបាត់បង់ដីដាំដុះស្រទាប់លើដ៏ច្រើនសន្ធឹកសន្ធាប់នឹងឆ្ពោះទៅរកការសឹករេចរិលដីធ្ងន់ធ្ងរ ឬអាចឈានទៅកាន់ដំណើររហោស្ថានកម្មនាពេលខាងមុខព្រោះធនធានដីកសិកម្មត្រូវបានចាត់ថ្នាក់ជាប្រភេទធនធានមិនកកើតឡើងវិញ ប្រសិនបើគ្មានការចាត់វិធានការគ្រប់គ្រងដីសមស្របដើម្បីទប់ស្កាត់និន្នាការនេះ។ ការហូរច្រោះដីខាងលើគឺជាឬសគល់នៃការបាត់បង់ស្ថេរភាព និងសមត្ថភាពផលិតរបស់ដី។ ហេតុនេះ ស្ថេរភាពទម្រង់ដី សមត្ថភាពក្នុងការស្តុកទុកសារធាតុចិញ្ចឹមនិងទឹក សកម្មភាពជីវសាស្ត្ររបស់ដីត្រូវបានបំផ្លាញ ខណៈបង្កើនការបំភាយឧស្ម័នផ្ទះកញ្ចក់ពីដីទៅក្នុងបរិយាកាស បង្កើនសំពាធស្មៅចង្រៃ និងភាពងាយរងគ្រោះរបស់ដំណាំទៅនឹងការបំផ្លាញពីជំងឺ និងសត្វល្អិតចង្រៃ។ កត្តាទាំងនេះបង្ខំឱ្យកសិករត្រូវបង្កើនការចំណាយកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំលើថ្លៃដើមផលិតកម្ម ក្នុងការប្រើប្រាស់ជីគីមីកសិកម្មដើម្បីបំពេញតម្រូវការសារធាតុចិញ្ចឹមសម្រាប់ដំណាំ បង្កើនបរិមាណនិងការប្រើប្រាស់កាន់តែញឹកញាប់ឡើងៗនូវថ្នាំកសិកម្មដើម្បីកំចាត់ស្មៅចង្រៃ កំចាត់សត្វល្អិត និងទប់ស្កាត់ការរាតត្បាតជំងឺមកលើដំណាំ ហើយជាលទ្ធផល វាធ្វើឱ្យសុខភាពដីធ្លាក់ចុះ ហើយប្រាក់ចំណេញត្រូវបានកាត់បន្ថយ។

ករណីសិក្សាមួយបង្ហាញថា ក្នុងឆ្នាំទី១នៃការអនុវត្តការប្រើប្រាស់ដំណាំគម្របដី ជីជាជីស្រស់បរិមាណដីស្រទាប់លើបានបាត់បង់ប្រមាណ ៤ តោន/ហ.ត/ឆ្នាំ ឬ ៦០% តិចជាងការភ្ជួររាស់តាមទំលាប់ (១០,៤៥ តោន/ហ.ត/ឆ្នាំ) នៅកម្រិតជម្រាល ៣% ខណៈការហូរច្រោះដីមានបរិមាណតែ ៣ តោន/ហ.ត/ឆ្នាំ លើប្រព័ន្ធនៃការដាំលើដំណាំគម្របដីស្រស់ដោយគ្មានការភ្ជួររាស់តាមគោលការណ៍កសិកម្មអភិរក្ស ឬ ៩២% តិចជាងការភ្ជួររាស់តាមទម្លាប់ (៤២ តោន/ហ.ត/ឆ្នាំ) នៅកម្រិតជម្រាល ៥%។ បរិមាណនៃការហូរច្រោះនឹងមានការថយចុះ ឬឈានទៅលុបបំបាត់ទាំងស្រុងនៅពេលដែលកសិករអនុវត្តការដាំដុះតាមគោលការណ៍កសិកម្មអភិរក្សនៅឆ្នាំបន្តបន្ទាប់។

– ឥទ្ធិពលនៃប្រព័ន្ធការភ្ជួររាស់លើបរិមាណស្តុកកាបោនសរីរាង្គនៃដី

កាបោនសរីរាង្គនៃដី គឺជាសមាសធាតុដ៏សំខាន់របស់សារធាតុសរីរាង្គដី។ ការបោនសរីរាង្គនៃដីមានមុខងារដ៏សំខាន់ដែលរួមចំណែកក្នុងផលិតកម្មស្បៀង ព្រមទាំងការបន្ស៊ាំ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងសម្រេចកម្មវត្ថុនៃផែនការអភិវឌ្ឍន៍សាកលប្រកបដោយចេរភាព។ ដីដែលផ្ទុកបរិមាណសារធាតុសរីរាង្គច្រើនមានសមត្ថភាពទ្រទ្រង់សារធាតុចិញ្ចឹមដល់ដំណាំ បង្កើនបរិមាណស្តុកទឹកដែលកត្តាទាំងពីរនេះរួមចំណែកក្នុងការបង្កើនជីជាតិដី និងលើកកម្ពស់ផលិតភាពស្បៀង។ កាបោនសរីរាង្គនៃដីបង្កើនស្ថេរភាពទម្រង់ដី បង្កភាពងាយស្រួលនៃលំហូរអុកស៊ីសែននិងទឹកទៅក្នុងស្រទាប់ដីខាងក្រោម និងទ្រទ្រង់ការលូតលាស់របស់ដំណាំ។ លើសនេះទៀត កាបោនសរីរាង្គនៃដីក៏រួមចំណែកក្នុងដំណើរបន្សុទ្ធទឹកក្នុងដីផងដែរ។ ការជំរុញដំណើរខនិជកម្មនៃកាបោនសរីរាង្គនៃដីធ្វើឱ្យដីក្លាយជាប្រភពបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។

ការផ្លាស់ប្តូរការប្រើប្រាស់ដីមានឥទ្ធិពលលើការស្តុកកាបោនសរីរាង្គនៃដី។ ការបំលែងដីព្រៃមកជាដីកសិកម្ម ធ្វើឱ្យមានការធ្លាក់ចុះបរិមាណស្តុកកាបោនសរីរាង្គនៃដី។ លទ្ធផលនៃការស្រាវជ្រាវពីឥទ្ធិពលនៃការភ្ជួររាស់លើផលិតកម្មស្រូវអាស្រ័យលើការស្រោចស្រពលើប្រភេទដីព្រៃខ្មែរ ក្នុងប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានបង្ហាញថា បរិមាណស្តុកកាបោនសរីរាង្គនៃដី (Soil organic carbon stock) ក្នុងស្រទាប់ពី ០-40 cm បានថយក្នុងអត្រាចន្លោះពី ០,៤ – ០,៩ តោន/ហ.ត/ឆ្នាំ អាស្រ័យលើអាំងតង់ស៊ីតេនៃប្រព័ន្ធដាំដុះដំណាំស្រូវជាមួយការភ្ជួររាស់ច្រើនសារដើម្បីរៀបចំដី ក្រោយពីការផ្លាស់ប្តូរដីព្រៃធម្មជាតិមកជាដីស្រែក្នុងរយៈពេលជាង៤០ឆ្នាំ។ ក្រោយពីការផ្លាស់ប្តូរការប្រើប្រាស់ដីពីការដាំដុះតាមទម្លាប់មកការអនុវត្តកសិកម្មអភិរក្សរយៈពេល ០៤ឆ្នាំ ដោយលុបបំបាត់ទាំងស្រុងការភ្ជួររាស់ រួមបញ្ចូលជាមួយការប្រើប្រាស់ដំណាំគម្របដីអំបូរសណ្តែកក្រោយពីប្រមូលផលស្រូវរួច បរិមាណស្តុកកាបោនសរីរាង្គមានការកើនឡើងក្នុងអត្រាចន្លោះពី ០,៧ – ១,២ តោន/ហ.ត/ឆ្នាំ ក្នុងជម្រៅ ០-40 cm (ក្រាហិ្វចទី៧)។

លទ្ធផលនៃការសិក្សាបានបង្ហាញថា បច្ចេកទេសកសិកម្មអភិរក្សមិនត្រឹមតែជួយកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនទិន្នផល និងប្រាក់ចំណេញរបស់កសិករប៉ុណ្ណោះទេ តែថែមទាំងជួយស្តារឡើងវិញជីជាតិដីតាម រយៈប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការហូរច្រោះដី បង្កើនការចាប់យកកាបោនពីបរិយាកាសមកស្តុកទុកក្នុងដីថែមទៀតផង។ ដូច្នេះ ការអនុវត្តការដាំដុះតាមគោលការណ៍បច្ចេកទេសកសិកម្មអភិរក្សរួមចំណែកលើកកម្ពស់ ផលិតភាពដំណាំនិងសន្តិសុខស្បៀង កែប្រែជីជាតិដី និងបង្កើនភាពធន់របស់ប្រព័ន្ធផលិតកម្មកសិកម្មទៅនឹងឥទ្ធិពល នៃការប្រែប្រួអាកាសធាតុ និងឆ្ពោះទៅរកការធ្វើផលិកម្មកសិកម្មប្រកបដោយនិរន្តរភាព។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
– បណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម (០១២ ៨០៤ ១៨១)។
– លោក ឡេង វីរ៉ា អនុប្រធានការិយាល័យ (០១២ ៣២១ ៥៦៨)។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។