ព័ត៌មានជាតិ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាបបើកការដ្ឋានជួសជុលផ្លូវកៅស៊ូ2SR2 ប្រវែង៨,៥គ.មពីឃុំលាងដៃដល់ឃុំពាក់ស្នែងស្រុកអង្គរធំខេត្តសៀមរាប

(សៀមរាប) :ដោយមើលឃើញពីការលំបាកជាក់ស្តែង និងមានសំណើ សំណូមពរពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន និងដើម្បីជួយសម្រួលការធ្វើចរាចរណ៍ទៅមក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានសម្រេចបើកការដ្ឋានជួសជុលផ្លូវកៅស៊ូ 2SR2 ប្រវែង៨,៥គីឡូម៉ែត្រ ពីឃុំលាងដៃដល់ឃុំពាក់ស្នែង កាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ឯកឧត្តមឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយកខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ឯកឧត្តម យឿន យឿត ទីប្រឹ ក្សារាជរដ្ឋាភិបាលនិងជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុនLKYC និងមានការចូលរួមពី ក្រុមប្រឹក្សាស្រុក អភិបាលស្រុក អាជ្ញាធរ មូលដ្ឋាន និងសមាជិកក្រុមការងារចុះជួយមូលដ្ឋានស្រុកអង្គរធំ បងប្អូនប្រជាពលរដ្ឋ ជាច្រើនរូបទៀតផងដែរ ។ គម្រោងផ្លូវនេះកើតឡើងដោយមានការជួយជ្រោមជ្រែងពីសប្បុរសជន ដើម្បីសម្របសម្រួលនិងជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៃឃុំទាំងពីរ សំដៅជម្រុញកំណើនសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និង សុខុមាលភាពប្រជាពលរដ្ឋ ។

ឯកឧត្តម ឃឹម ប៊ុនសុង នៅក្នុងរយៈពេល ២៣ឆ្នាំចុងក្រោយនេះ តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យ ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធជាភាពចាំបាច់ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅជនបទ ពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាការតភ្ជាប់នៅក្នុងក្របខណ្ឌផ្ទៃក្នុងរបស់ស្រុក អង្គរធំ តភ្ជាប់ជាមួយនឹងស្រុកផ្សេងៗ ដែលមានភូមិសាស្ត្រនៅជិតខាង ដើម្បីនាំមកនូវវឌ្ឍនភាពថ្មីៗ សម្រាប់ការអភិវឌ្ឍសង្គមនៅក្នុងមូលដ្ឋាន ។ ជាក់ស្ដែង ជាការឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍកម្ពុជាក្នុងដំណាក់កាលថ្មី សម្រាប់អាណត្តិទី៦នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដោយបានកំណត់ “មនុស្ស ផ្លូវ ភ្លើង និងទឹក នៅតែជាការងារអាទិភាព ក្នុងគោលដៅបន្តពង្រឹងកិច្ចអភិវឌ្ឍ ប្រកបដោយ ចីរភាពសម្រាប់រយៈពេលមធ្យម និងវែងទៅមុខ ដោយធានាបាននូវប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ ការគ្រប់គ្រងធនធានសរុបរបស់ប្រទេសជាតិ និងការឆ្លើយតបទៅនឹង កង្វល់ ឬសំណូមពររបស់ប្រជាជនបានដោយប្រសិទ្ធភាព ។

ឯកឧត្តម ឃឹម ប៊ុន សុង បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលបានខិតខំជម្រុញកាត់បន្ថយភាពក្រីក្រនៅតាមតំបន់ជនបទ ដោយបានតភ្ជាប់បណ្តាញផ្លូវជនបទគ្រប់ច្រកល្ហកពីទីប្រជុំជន ក្រុង ស្រុក ខេត្ត ទៅដល់តំបន់ជនបទដាច់ស្រយាល ដោយបានខិតខំធ្វើឲ្យកាន់តែប្រសើរឡើង នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជនបទ តាមរយៈការបន្តកសាងផ្លូវជនបទ ការរៀបចំឲ្យមានដំណើរការនៃប្រព័ន្ធគ្រប់គ្រង និង ថែទាំផ្លូវជនបទ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង និងមានប្រសិទ្ធភាពខ្ពស់ ដោយមានការចូលរួមរបស់សហគមន៍ មូលដ្ឋាន ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ជាពិសេសការកែលម្អផ្លូវជនបទជាជំហានៗពីផ្លូវក្រាលក្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាការពារថែរក្សាសន្តិភាព មិនត្រូវឲ្យសន្តិភាពនេះ បំផ្លាញដោយជនណាម្នាក់ ឬបក្សនយោបាយណាមួយនោះទេ ។ ចូលរួមថែរក្សា ការពារនូវរាល់សមិទ្ធផលទាំងឡាយរបស់ជាតិ ធ្វើយ៉ាងណាឲ្យសមិទ្ធផល ដែលយើងទាំងអស់គ្នាសម្រេចបានដោយឆ្លង កាត់ការលំបាក និងឧបសគ្គគ្រប់បែបយ៉ាងទម្រាំបានដូចសព្វថ្ងៃនេះ ឲ្យបានស្ថិតនៅគង់វង្សជាអមតៈ ដែលជាបុព្វបទនៃការ នាំមកនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ជាតិយើងជាដរាបតរៀងទៅ ។

ឯកឧត្ដមក៏បានស្នើដល់ប្រជាពលរដ្ឋមានការអធ្យាស្រ័យ និងយោគយល់ផងដែរពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរតាមដងផ្លូវនេះ ដែលនឹងទទួលរងការរំខាន និងផលប៉ះពាល់ពីការដ្ឋានជួសជុល ប៉ុន្តែនៅពេលការដ្ឋានជួសជុលត្រូវបានបញ្ចប់ ផ្លូវនេះនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ក៏ដូចជាសកម្មភាពរស់ នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងបានស្នើដោយទទូចដល់បងប្អូនអាជីវករ ដែលមានរថយន្តដឹកជញ្ជូនសូមកុំដឹកទំនិញហួសទំងន់កំណត់ ក្នុងពេលផ្លូវកំពុងដំណើរការជួសជុល និង ធ្វើការជួសជុលរួចរាល់ ។ ម៉្យាងទៀតសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងដូសទី៣ (ដូស ជម្រុញ ) នៅថ្ងៃទី ១០ ខែមករានេះ និង បន្តអនុវត្តវិធានការ៣កុំ ៣ការពារ និងត្រូវសម្របខ្លួនរស់នៅតាមគន្លងបែបថ្មី ជាមួយកូវិដ១៩ ផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។