ព័ត៌មានជាតិ

ប្រជាពលរដ្ឋរងគ្រោះដោយសារ ខ្យល់កន្ត្រាក់ ចំនួន ៩គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

(កំពង់ចាម) :នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់អោយលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយ លោកនាយកប្រតិបត្តិសាខា លោកប្រធានអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្ត បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៩គ្រួសារ នៅ ឃុំស្តៅ ស្រុកកងមាស ក្នុងនេះ នៅភូមិល្វាលើ គ្រួសារ ,ភូមិស្តៅលើ គ្រួសារ និងនៅភូមិខ្ពបក្រោម គ្រួសារ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២ ខណ:ដែលភ្លៀងកំពុងធ្លាក់ខ្លាំង ក៏ស្រាប់តែមានខ្យល់កន្ត្រាក់បក់គួចបំប៉ើង ធ្វើអោយផ្ទះ ៩ខ្នង រួមទាំងថ្នាក់មតេយ្យ ២បន្ទប់នៃសាលាបឋមសិក្សាស្តៅលើ រងការខូចខាត ដោយមានការដួលរលំរាបដល់ដី របើកដំបូល សង្កសី និងរបើកក្បឿងជាច្រើនសន្លឹក ។ ភ្លាមៗ នោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានចាត់លោកនាយកប្រតិបត្តិសាខា ចុះធ្វើការពិនិត្យវាយតម្លៃស្ថានភាពរងគ្រោះឡើងវិញជាបន្តបន្ទាប់ ហើយចុងក្រោយ ក៏បានសម្រេចធ្វើការឆ្លើយតប តាមរយៈ ការផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន សម្រាប់សម្រួលដល់ការស្តារ និង ជួសជុលលំនៅដ្ឋាន បងប្អូន ឡើងវិញ ។
លោកជំទាវ ប៉ាង ដានី បាន
ចូល រួម សម្តែងការសោកស្តាយជា មួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ហើយ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។
លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សាខា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យស្អាត ៣យ៉ាង, កំចាត់ដង្កូវទឹក បំបាត់ជម្រកមូសខ្លា ដែលជាប្រភពចម្លងជម្ងឺគ្រុនឈីក គ្រុនឈាម ហើយអ្វីដែលសំខាន់ជាងនេះ គឺ ត្រូវ បន្តរៀនរស់នៅជាមួយជម្ងឺកូវិដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយមិនត្រូវមើលស្រាលបានឡើយ ខណ: ដែល ប្រទេសជិតខាងយើង និងពិភពលោក ការឆ្លងរាលដាល នៅមានភាពធ្ងន់ធ្ងរ នៅឡើយ ។ ហេតុនេះ ត្រូវបន្តអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល ” ៣ការពារ ៣កុំ ” និង សូមចូលរួមចាក់វ៉ាក់សាំង ទាំងដូស មូលដ្ឋាន និងដូសជំរុញ អោយបានគ្រប់ៗ គ្នា ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង ៩ គ្រួសារ , ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស ,ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ , ត្រីខ ១០កំប៉ុង, ឃីត ១ សម្រាប់, អាវយឺតចំនួន ៤ ។
ចំពោះ ថវិកា បានផ្តល់ជូនតាមកម្រិតខូចខាត រួមមាន :
– អ្នកខូចខាតកម្រិតធ្ងន់ ២គ្រួសារ ផ្តល់ជូន ១គ្រួសារ ៨០០,០០០ រៀល និង បន្ថែមជូន សម្ភារ:ផ្ទះបាយ និង តង់ ១ ។
– អ្នកខូចខាតកម្រិតមធ្យម ៥គ្រួសារ ផ្តល់ជូន ១គ្រួសារ ៤០០,០០០រៀល.
– អ្នកខូចខាតកម្រិតស្រាល ២គ្រួសារ ផ្តល់ជូន ១គ្រួសារ ២០០,០០០ រៀល ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។