ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ

(ព្រៃវែង) : ក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លា​នៃព្រះរាជពិធីចម្រេីនព្រះជន្មគម្រប់​៦៩ យាងចូល​៧០ ព្រះ​វស្សា​ របស់​ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំ ខ្ញុំបាទ និង ភរិយា ព្រមទាំងព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រៃវែង សូមលើកហត្ថប្រណម្យថ្វាយបង្គំសម្តែងនូវអំណរសាទរដោយក្តីរីករាយឥតឧបមា ចំពោះព្រះរាជព្រះមហាករុណាទិគុណ និងព្រះរាជព្រហ្មវិហារធម៌ប្រកបដោយទសពិធរាជធម៌របស់ព្រះករុណាថ្លៃវិសេស ចំពោះជាតិមាតុភូមិ ប្រជានុរាស្រ្ត និង ព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តម ដែលជានិច្ចកាលព្រះអង្គតែងយកចិត្តទុកដាក់ ខ្ពស់បំពេញ ព្រះរាជបេសកម្មដ៏ឧត្តុង្គឧត្តម ព្រមទាំងលះបង់កំលាំងព្រះកាយពល និង ព្រះបញ្ញាញាណមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុមាតុភូមិ និងប្រជារាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គ។

ស្ថិតក្នុងឱកាសដ៏មហាមង្គលថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ សូមជួយប្រោះព្រំព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយកតញ្ញូកតវេទិតាធម៌ដ៏ស្មោះស្ម័គ្របំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។