ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង រៀបពិធីប្រគល់ ទទួលថវិកាវិភាគទាន ដើម្បីអបអរខួបលើកទី ១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ ’’ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធនសហគមន៍”

(ព្រៃវែង) :នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត ព្រមទាំងលោកជំទាវ ជា ផល្គុន អនុប្រធានកិត្តិយសសាខា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ ទទួលថវិកាវិភាគទាន ដើម្បីអបអរខួបលើកទី ១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ ’’ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធនសហគមន៍” ស្ថិតនៅសាលប្រជុំ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។

ដោយមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មានទឹកចិត្តសន្ដោសប្រណី ចែករំលែកនូវក្ដីស្រលាញ់ជូនចំពោះប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយ ជនពិការ និងកុមារកំព្រា ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ខ្ញុំបាទ សូមឆ្លៀតឱកាសនោះ សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុង​ ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសប្បុរសជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសសប្បុរសជនទាំងអស់ ដែលបានលះបង់នូវថវិកាជូនដល់សាខា ដើម្បីសាខាបានធនធានយកមកធ្វើសកម្មភាពមនុស្សធម៌ស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាដើម្បីឆ្លើយតបគ្រោះមហន្តរាយនានាដល់គ្រួសាររងគ្រោះ និងគ្រួសារងាយរងគ្រោះបំផុត តាមរយៈវិស័យអាទិភាពទាំង៤ របស់ចលនាកាកបាទក្រហម និង អឌ្ឍចន្ទក្រហម។

ជាមួយគ្នានោះ ឯកឧត្តម សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សណាដែលនាំមកនៅសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ។

សារជាថ្មីម្តងទៀត តាងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង សូមសន្យានឹងយកថវិការបស់សប្បុរសជនទាំងអស់ ទៅចាត់ចែងទៅតាមគោលការណ៍របស់សាខា ដើម្បីជួយដល់ប្រជាពលរដ្ឋខ្វះខាត និងអ្នកដែលត្រូវការជំនួយចាំបាច់ ហើយសូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសប្បុរសជនទាំងអស់ សូមរកស៊ីទទួលទានមានបាន សុខ សុភមង្គល ឈ្នះអស់មារសត្រូវសម្រេចបានជោគជ័យគ្រប់ភារកិច្ច និងទទួលបានតែនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ដោយ ជុំ ចន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។