ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា បន្តផ្តល់អាទិភាពលើការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ព្រមទាំងប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងទិដ្ឋភាពនយោបាយ និងសន្តិសុខ កម្ពុជា បន្តផ្តល់អាទិភាពលើការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ព្រមទាំងប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម ដែលជាយន្តការតំបន់ដ៏សំខាន់ក្នុងការចូលរួមចំណែកបន្ធូរបន្ថយភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាចជាពិសេសតាមរយៈការបន្តលើកកម្ពស់កិច្ចសន្ទនាជាមួយដៃគូក្នុងវេទិកានានា។

សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរៀបចំដោយសភាកម្ពុជា ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះជាមិនទាន់អាចដោះស្រាយបានទាំងស្រុងនូវបញ្ហាសន្តិសុខនានាក្នុងតំបន់ សម្តេចជឿជាក់ថា លទ្ធផលវិជ្ជមាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកំណត់នូវចំណុចរួមសំខាន់ៗមួយចំនួនដែលបានផ្តល់ជាបច្ច័យសម្រាប់ការស្វែងរកដំណោះស្រាយដើម្បីធានាបាននូវសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។