ព័ត៌មានជាតិ

បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សារបស់បក្សភ្លើងទៀន ចំនួន៤រូប នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ដាក់ពាក្យសុំលាលែងពីគណបក្សនេះ ក្រោយមិនពេញចិត្តចំពោះការដឹកនាំ!

(កំពង់ចាម)៖ បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សភ្លើងទៀន ចំនួន៤រូបទៀតហើយ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម បានសម្រេចចិត្តដាក់ពាក្យលាលែងពីគណបក្សនយោបាយមួយនេះ។

ក្នុងពាក្យសុំលាលែងដែលទទួលបាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ ពួកគាត់ទាំង៤នាក់ ក្រៅពីការលាលែងពីបេក្ខជនឈរឈ្មោះ ក៏បានសុំលាលែងពីសមាជិកគណបក្សភ្លើងទៀនតែម្ដង។

អតីតសមាជិកគណបក្សភ្លើងទៀនទាំង៤នាក់នោះរួមមាន៖

*ទី១៖ លោក ស្រេង ស្រៀន នៅឃុំខ្វិតធំ ស្រុកព្រៃឈរ បេក្ខជនពេញសិទ្ធិលេខរៀងទី៥
*ទី២៖ លោក ជា សុខអេង នៅឃុំព្រែកអាជី ស្រុកព្រៃឈរ បេក្ខជនពេញសិទ្ធិលេខរៀងទី១១
*ទី៣៖ លោក ជា សំហៀង នៅឃុំព្រែកកក់ ស្រុកព្រៃឈរ បេក្ខជនពេញសិទ្ធិលេខរៀងទី៨
*ទី៤៖ លោក ផាត ផល នៅឃុំព្រែកក់ ស្រុកព្រៃឈរ បេក្ខជនពេញសិទ្ធិលេខរៀងទី១១។

ការដាក់ពាក្យសុំលាលែងពីសមាជិក និងបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ពីគណបក្សភ្លើងទៀននៅពេលនេះ ក្រោយពីពួកគាត់អស់ជំនឿ និងគិតថា ការបន្ដរួមរស់ជាមួយគណបក្សនយោបាយមួយនេះ មិនមានអ្វីដែលជាផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជននោះឡើយ។ ពួកគាត់បានបន្ថែម ការសម្រេចចិត្តចាកចេញនេះ ក៏ដោយសារក្នុងបក្សមានភាពអាណាធិបតេយ្យក្នុងការដឹកនាំ និងមានភាពមិនច្បាស់លាស់ក្នុងការតែងតាំងរៀបឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត។ ប៉ុន្ដែពួកគាត់មិនទាន់បានសម្រេចចិត្តថា ទៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ឬគណបក្សនយោបាយណាមួយនោះដែរ។

សូមជម្រាបថា មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងឈានចូលមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ បេក្ខជន និងសមាជិករបស់គណបក្សភ្លើងទៀន បានដាក់ពាក្យសុំលាលែង និងចាកចេញពីគណបក្សនេះជាបន្ដបន្ទាប់ ហើយភាគច្រើនបានដាក់ពាក្យសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត និងដឹកនាំប្រទេសទទួលបានភាពរីកចម្រើន អភិវឌ្ឍន៍ជាបន្ដបន្ទាប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។