ព័ត៌មានជាតិ

លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ និងក្រុមការងារសង្គ្រាះ ចេញទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនក្នុងសមុទ្រ!

(ព្រះសីហនុ) ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជូនក្រុមការងារ និងអូប័ររបស់ក្រុមហ៊ុនលោកឧកញ៉ា សហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ចេញទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ដែលធ្លាក់ពីលើទូកនេសាទ ទៅក្នុងទឹកសមុទ្រហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រ។

ជំនួយនេះ ធ្វើឡើងតប តាមការស្នើសុំពីក្រុមគ្រួសារជនរងគ្រោះ។ សេចក្តីរាយការណ៍ពីក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា បុរសរងគ្រោះគឺជាកម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទ ប្រភេទម៉ងអូស ចូលទៅក្នុងសមុទ្រ នៅចំណុចចន្លោះពយក្បាលខ្មោច(អៅតាផេង) និងកោះតាទឹម កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៧យប់ រួចក៏បាត់ខ្លួន។

ជនរងគ្រោះឈ្មោះ លី ថេង ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាកូនដៃទូក មានស្រុកកំណើតនៅភូមិសាវង្ស ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅផែជលផល ទំនប់រលក នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា រហូតមកត្រឹមព្រលប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ នៅមិនទាន់ប្រទះឃើញជនរងគ្រោះនៅឡើយ ហើយក៏មិនទាន់ដឹងពីជោគវាសនារបស់ជនរងគ្រោះថាយ៉ាងណានៅឡើយ។ ចំណែកការស្វះស្វែងរកជនរងគ្រោះកំពុងធ្វើជាបន្តទៀត ដោយក្រុមសង្គ្រោះក្រុមហ៊ុនលោក ទៀ វិចិត្រ សហការ ជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក នៅតែបន្តស្វែងរក។

ជាមួយគ្នានេះលោក ទៀ វិចិត្រ ប្រកាសប្រាប់ប្រជានេសាទក្នុងសមុទ្រផងដែរថា ក្នុងករណីប្រទះឃើញជនរងគ្រោះនៅចំណុចណាមួយ សូមជួយរាយការណ៍មកក្រុមសង្គ្រោះតាមទូរសព្ទ័លេខ 012 964 893 ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។