ព័ត៌មានជាតិ

រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា ១ខ្នង ទំហំ ៩ម៉ែត្រ×៤០ម៉ែត្រ មានចំនួន ៥បន្ទប់ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

នាវលាម៉ោង ៨:០០ ព្រឹក ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅក្នុងបរិវេណសាលាបឋមសិក្សាអំពាក់១ ស្ថិតនៅភូមិរពាក់១ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា ១ខ្នង ទំហំ ៩ម៉ែត្រ×៤០ម៉ែត្រ មានចំនួន ៥បន្ទប់ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុក​កំពង់សៀម ខេត្តកំពង់ចាម។ ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសផងដែរពីសំណាកឯកឧត្តមអនុប្រធានក្រុមការងារ ឯកឧត្តម លោកជំទាវប្រធានក្រុមការងារចុះជួយឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុប ៤០០នាក់ផងដែរ។

បន្ទាប់ពីលោក សុខ សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតំបែរបានរាយការណ៍ជូនអង្គពិធីបានជ្រាបអំពីស្ថានភាព វឌ្ឍនភាព និងសមិទ្ធផលនានាក្នុងស្រុកតំបែរសម្រេចបាននាពេលកន្លងរួមមក ឯកឧត្តមប្រធានក្រុមការងារបានមានមតិសំណេះសំណាល និងអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីខួបគម្រប់ ១៨ ព្រះវស្សា (២៩​ តុលា​ ២០០៤​ -​ ២៩​ តុលា​ ២០២២)​ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមថ្វាយព្រះពរបវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជុំ សុខដុមរមនា ជាភិយ្យោភាពតរៀងទៅ។

ឯកឧត្តមប្រធានក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានជូនពរឱ្យបងប្អូនជួបតែពុទ្ធពរទាំង ៤ ប្រការ។ ឯកឧត្តមប្រធានបានបន្ថែមថា សមិទ្ធផល និងការអភិវឌ្ឍដែលទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញក្រោមការដឹកនាំដ៏ឆ្នើមបំផុតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ មួយវិញទៀត ការអភវិឌ្ឍធនធានមនុស្ស ដើម្បីលើកស្ទួយ និងអភិវឌ្ឍន៍វិស័យអប់រំក៏ជាចំណុចអាទិភាពរបស់សម្តេចតេជោផងដែរ។ ហេតុនេះ ឯកឧត្តមប្រធានជឿជាក់ថា អគារសិក្សាថ្មី ១ខ្នងនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងជួយលើកស្ទួយ និងផ្តល់បរិយាកាសយ៉ាងល្អសម្រាប់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សក្នុងសាលាបឋមសិក្សាអំពាក់១ ទាំងអស់ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងបន្ថែមទៀត។

ក្រៅពីនេះ ឯកឧត្តមប្រធានក្រុមការងារក៏បានរំលឹកអំពីសមិទ្ធផលជាច្រើនដែលឯកឧត្តម និងក្រុមការងារសម្រេចបានក្នុងរយៈពេលជាង ២០ឆ្នាំ នៃការចុះមកជួយស្រុកតំបែរ ហើយសន្យាថានឹងបន្តចុះជួយ ដោះស្រាយរាល់បញ្ហា ចិញ្ចឹមចលនា និងគាំទ្រប្រជាពលរដ្ឋយើងបន្តទៀត។ សមិទ្ធផលទាំងអស់នេះ គឺមិនអាចកាត់ថ្លៃបានបើមិនមានកិច្ចសហការ និងការគាំទ្រពីសំណាក់ប្រជាជនយើងនៅស្រុកតំបែរ ហេតុនេះឯកឧត្តមប្រធានបានណែនាំ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋនៃស្រុកតំបែរ និង​ទូទាំងខេត្តត្បូងឃ្មុំទាំងអស់ត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានទាំងអស់គ្នា ជាពិសេសត្រូវបន្តនូវការការពារ គាំទ្រ និង​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ ជាប្រធានគណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមជម្រាបជូនថា អគារសិក្សា ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមានទំហំ ៩ម៉ែត្រ×៤០ម៉ែត្រ មានចំនួន ៥បន្ទប់ ត្រូវបានសាងសង់អស់រយៈពេល ៥ខែ ចាប់ពីខែឧសភា ដល់ ខែតុលាឆ្នាំ២០២២ និងបានចំណាយថវិកានៃការសាងសងបូករួមទាំងបំពាក់សម្ភារៈអស់សរុប ៩៧,៤៧០ ដុល្លារអាមេរិក។ ចំពោះកម្មវិធីនេះ ឯកឧត្តមប្រធានក៏បានឧបត្ថម្ភក្នុងការជួសជុលផ្លូវ និងជូនប្រជាពលរដ្ឋ កងកម្លាំងនិងប្រជាការពារ សាលាបឋមសិក្សាអំពាក់១ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស គណបក្សស្រុកតំបែរនូវថវិកាសរុបចំនួន ២០ លានរៀលផងដែរ។ បន្ថែមពីនេះ ឯកឧត្តមក៏បានឧបត្ថម្ភកុំព្យូទ័រ និងម៉ាស៊ីនព្រីន ១ឈុតផងដែរសម្រាប់ប្រើប្រាស់ក្នុងសាលាបឋមសិក្សាអំពាក់១។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។