ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យក្រុមការងារស្រាវជ្រាវ “បទល្មើសព្រៃឈើកំពុងកើតយ៉ាងរង្គាល នៅតំបន់ស្នួលព្រៃឡង់ក្នុងស្រុករវៀង ខេត្តព្រះវិហារ…”

(ភ្នំពេញ) ៖ ព្រឹកថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២ អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ដោយទទួលបានព័ត៌មាន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ បានបញ្ជាឱ្យក្រុមការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវករណីដែលសារព័ត៌មានបានចុះផ្សាយថា “បទល្មើសព្រៃឈើកំពុងកើតយ៉ាងរង្គាល នៅតំបន់ស្នួលព្រៃឡង់ក្នុងស្រុករវៀង ខេត្តព្រះវិហារ…”។ កម្លាំងស្រាវជ្រាវព័ត៌មានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះដល់ទីតាំងក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា បានធ្វើការស្រាវជ្រាវ ពិនិត្យទីតាំងជាក់ស្តែង ស្តាប់ការបំភ្លឺពីមេភូមិ ពីនាយផ្នែករដ្ឋបាលព្រៃឈើរវៀង ពីនាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង និងត្រួតពិនិត្យឯកសារពាក់ព័ន្ធរបស់ក្រុមហ៊ុនដែលធ្វើអាជីវកម្មនៅភូមិសាស្ត្រនោះ ជាលទ្ធផល៖ ពុំមានសកម្មភាពការកៀរគរកម្មករ គោយន្ត និងឈរចាំទិញឈើពីខាងក្រៅអូសចូលក្រុមហ៊ុន ដូចការចុះផ្សាយនោះឡើយ។ ចំណែកឯ ឈ្មោះ ចាប សារ៉ន ចាប់ខែកក្កដា ឆ្នាំ២០២២ សាក្សីបញ្ជាក់ថា មិនដែរឃើញបុគ្គលនេះទេ។ ឈ្មោះ ចាប់ សារ៉ន នេះ ត្រូវបានដាក់ឱ្យចូលនិវត្តន៍តាមច្បាប់ និងកាត់ចេញពីក្របខណ្ឌកងរាជអាវុធហត្ថ នាពេលកន្លងទៅ។ ប៉ុន្តែទោះយ៉ាងណា ក្រុមការងារស្រាវជ្រាវព័ត៌មាន រងចាំទទួលគ្រប់ពេលនូវរាល់ព័ត៌មានពិត ដើម្បីធ្វើការបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មព្រៃឈើនេះ។
កាលពីនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថ បានបង្ក្រាបចាប់រថយន្តម៉ាកសាំយ៉ុងកែច្នៃចំនួន២គ្រឿង ដឹកឈើអារគ្រឿងប្រហែល១០ម៉ែត្រត្រីគុណ នៅចំណុចភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម វត្ថុតាងបានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកព្រែកប្រសព្វ។ រថយន្តម៉ាកសាំយ៉ុងកែច្នៃចំនួន២គ្រឿងខាងលើ នឹងធ្វើការបំផ្ទុះដោយម្សៅ TNT នៅថ្ងៃទី៥ ខែធ្នូ នាពេលខាងមុខនេះ ដើម្បីបំផ្លាញចោលឱ្យរាងចាល។ គណៈកម្មការជាតិ សូមបញ្ជាក់ថា ចាប់ពីថ្ងៃប្រកាសព័ត៌មានតទៅ រាល់មធ្យោបាយដែលដឹកជញ្ជូនឈើមិនមានលិខិតអនុញ្ញាតពីជំនាញត្រឹមត្រូវតាមច្បាប់ ត្រូវធ្វើការបំផ្លាញចោល ដើម្បីបំបាត់ឧក្រិដ្ឋកម្មព្រៃឈើ រក្សាបានព្រៃឈើគង់វង្ស។
គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មពីសំណាក់ពលរដ្ឋល្អ អ្នកសារព័ត៌មាន យើងខ្ញុំសូមអំពាវនាវបន្តផ្តល់ព័ត៌មានអំពីបទល្មើសព្រៃឈើនេះ ទៅដល់អាជ្ញាធរដែនដី ជំនាញរដ្ឋបាលព្រៃឈើ ជំនាញបរិស្ថាន ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាប។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។