ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

(ភ្នំពេញ) ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ប្រារព្ធនៅសាលប្រជុំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានរាយការណ៍ជូនសម្ដេច និងអង្គពិធី អំពីសាវតារនៃក្រុមកីឡាក្រសួងមហាផ្ទៃ ដោយរម្លឹកថានៅឆ្នាំ១៩៥៩ នាសម័យសង្គមរាស្ត្រនិយម ក្រុមប្រឹក្សាកីឡាកងរាជតម្រួតកម្ពុជា ដែលជាអង្គការកីឡាដំបូងនៃកងកម្លាំងនគរបាលជាតិ ត្រូវបានបង្កើតឡើងដោយ ស្នាមព្រះហស្ត ព្រះករុណាព្រះបាទ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលពេលនោះទ្រង់ក៏ជាព្រះបិតា កីឡាជាតិផងដែរ។

ឯកឧត្តម បន្តថាស្ថាប័នកីឡានេះបានចាប់បដិសន្ធិ និងកែទម្រង់ឡើងវិញនៅឆ្នាំ២០១៣ ដោយមានឈ្មោះថា «សហភាពកីឡានគរបាលជាតិកម្ពុជា» ហើយដំណើរការមកដល់ចុងឆ្នាំ២០១៩ ទើបត្រូវបានធ្វើការកែសម្រួលជាថ្មី និងប្តូរឈ្មោះមកជា«ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទ»ដើម្បីលើកកម្ពស់វិស័យកីឡារបស់កងកម្លាំងនគរបាលជាតិ និងរួមគ្នាអភិវឌ្ឍសមត្ថភាពបច្ចេកទេស ឱ្យមានការរីកចម្រើន និងដើម្បីធ្វើសមាហរណកម្មចូលជាសមាជិកសហភាពកីឡានគរបាលអន្តរជាតិ International Police Sport Union។

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដែលជួយគាំទ្រប្រភេទកីឡានីមួយៗរបស់ក្រសួង។ សម្ដេច បានកត់សម្គាល់អំពីវឌ្ឍនភាពដ៏ល្អនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្រោយរៀបចំរចនាសម្ព័ន្ធដឹកនាំថ្មី។ សម្ដេច បានថ្លែងអំណរគុណគ្រូបង្វឹក កីឡាករ កីឡាការិនី គ្រប់ប្រភេទវិញ្ញាសារ ដែលខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតកន្លងមក និងសង្ឃឹមថាកីឡាករ កីឡាការិនីក្រសួងមហាផ្ទៃនឹងសម្រេចបានជោគជ័យបន្ថែមទៀត។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡានៅកម្ពុជា សម្ដេចក្រឡាហោម បានគូសបញ្ជាក់អំពីការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣នេះ ដោយបន្ថែមថាព្រឹត្តិការណ៍នេះនឹងបង្កឱកាសឱ្យកម្ពុជាពង្រឹង និងពង្រីកសក្ដានុពលផ្នែកកីឡារបស់ខ្លួនដែលក្នុងនោះក៏មានកីឡាករ កីឡាការិនី ជម្រើសជាតិមួយចំនួនមានសមាសភាពចេញពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនេះដែរ។ សម្ដេច បានបន្ថែមថាទោះបីជាបានជាប់ជម្រើសជាតិ ឬមិនបានក៏ដោយ កីឡាករ កីឡាការិនីទាំងអស់ត្រូវតែបន្តខិតខំងហ្វឹកហាត់ឱ្យបានកាន់តែខ្លាំងក្លា។

សម្ដេច បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ យកចិត្តទុកដាក់លើប្រភេទកីឡាមានឧត្តមភាព ហើយជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដែលទទួលជួយប្រភេទកីឡានីមួយៗ ត្រូវបង្កើនការគាំទ្រឱ្យបានកក់ក្ដៅដើម្បីអភិវឌ្ឍន៍ប្រភេទកីឡាទាំងនោះឱ្យកាន់តែមានការរីកចម្រើន។

សម្ដេច ក៏បានប្រកាសប្រគល់តួនាទីជួយក្លិបកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ជំនួសឯកឧត្តម ជួន ណារិន្ទ និងសង្ឃឹមថាក្លិបនេះនឹងពង្រឹងសមត្ថភាព និងកិត្យានុភាពឡើងវិញ។

សម្ដេច ក៏បានណែនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ខិតខំប្រឹងប្រែងអភិវឌ្ឍន៍មជ្ឈមណ្ឌលកីឡានៅលើទីតាំងដែលទទួលបានពីក្រសួងអប់រំ យុវជន និងកីឡា។ ចំពោះការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីដែលមានស្នាដៃ សម្ដេច បានសន្យាថានឹងពិនិត្យលទ្ធភាពដើម្បីផ្ដល់ក្របខណ្ឌមន្រ្តីរាជការ ពិសេសក្របខណ្ឌនគរបាលជាតិ ដល់កីឡាករ កីឡាការិនី ដោយជាបឋមនឹងផ្ដល់អាទិភាពលើកីឡាករ និងកីឡាការិនីមានស្នាដៃដណ្ដើមបានមេដាយមាស ប្រាក់ និងសំរិទ្ធ។ សម្ដេច បានទទូចជាថ្មីទៀតឱ្យកីឡាករ កីឡាការិនី បន្តខិតខំប្រឹងប្រែងដើម្បីទទួលបានឱកាសអភិវឌ្ឍន៍ខ្លួន។

ពីវេទិកាអធិបតីនោះដែរ សម្ដេច ក៏បានគូសបញ្ជាក់ជូនអង្គពិធីអំពីវឌ្ឍនភាពនៃការដឹកនាំជាតិរបស់រាជរដ្ឋាភិបាល មានតេជោ ហ៊ុន សែន ជាប្រមុខ ដែលរក្សាបានសុខសន្តិភាព និងស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ មានភាពម្ចាស់ការក្នុងការប្រយុទ្ធនឹងជំងឺឆ្លងកូវីដ-១៩ ពិសេសជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២។ សម្ដេច ក៏បានផ្ដល់ទស្សនាទានអំពីគោលបំណងនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដើម្បីឱ្យរដ្ឋបាលនៅតាមមូលដ្ឋានមានសិទ្ធិ អំណាច និងធនធាន កាន់តែច្រើនក្នុងការបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងនោះក៏មានក្រសួងមហាផ្ទៃ ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងបទល្មើសប្រឈមៗនៅកម្ពុជា ដូចជាបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ បទល្មើសជួញដូរមនុស្ស និងបទល្មើសសម្អាតប្រាក់ជាដើម។ សម្ដេចបន្ថែមថាប្រជាពលរដ្ឋទាំងអស់ រួមទាំងកីឡាករ កីឡាការិនីដែរ សុទ្ធតែមានចំណែកនៅក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះ និងបទល្មើសផ្សេងទៀតនៅកម្ពុជា ដើម្បីរក្សាបានសន្តិសុខ និងសុវត្ថិភាពសង្គម ព្រមទាំងកិត្តិយសជាតិ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។