ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា អញ្ជើញធ្វើទស្សនកិច្ចត្រួតពិនិត្យសកម្មភាពការងារ និងជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI)

(ភ្នំពេញ) ៖នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីអមដំណើរបានអញ្ជើញធ្វើទស្សនកិច្ចត្រួតពិនិត្យសកម្មភាពការងារ និងជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) ។

ក្នុងពិធីទស្សនកិច្ចនេះ ឯកឧត្តម រដ្ឋមន្ត្រី បានអញ្ជើញត្រួតពិនិត្យទៅលើលទ្ធភាពដាំដុះពូជស្រូវចំប៉ីស៧០ និងត្រួតពិនិត្យទៅលើសំណាប ព្រមទាំងបានបន្ថែមធាតុចូលបន្ថែមទាក់ទងនឹងការដឹកជញ្ជូន។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានពិនិត្យទៅលើការវាយតម្លៃស្រឡាយស្រូវ និងសំណាកពូជមួយចំនួនដែលមានការទុកដាក់យ៉ាងល្អដោយក្រុមការងារវិទ្យាស្ថាន និងបានស្វែងយល់អំពីបច្ចេកទេសជាលិកាវប្បកម្មផងដែរ។

ឯកឧត្តមរដ្ឋមន្ដ្រីបានអញ្ជើញពិនិត្យមន្ទីរពិសោធន៍ជីវបច្ចេកវិទ្យា និងស្ដាប់បទបង្ហាញទាក់ទងនឹងដង្កូវនាង ដែលអាចមានលទ្ធភាពផលិតសូត្របានល្អ ពីពូជខ្មែរយើង ដោយមានការបង្កាត់ជាមួយពូជនាំចូលពីកូរ៉េ ដែលបានលទ្ធផលពូជថ្មីមួយមន្ថែម គឺ CK1.7.4 ដែលមានភាពធន់ទ្រាំទៅនឹងអាកាសធាតុ។

ក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា វិទ្យាស្ថានត្រូវបន្តជំរុញការស្រាវជ្រាវលើការងាររបស់ខ្លួនបន្ថែមទៀតឱ្យអស់លទ្ធភាព និងបន្តធ្វើការងារពាក់ព័ន្ធជាមួយដំណាំស្រូវឱ្យមាននិរន្តរភាព។ ក្នុងនោះដែរ ឯកឧត្តម បានបន្ថែមទៀតថា វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា ត្រូវគិតគូផងដែរពីប្រសិទ្ធភាពនិងនិរន្ដរភាពសេដ្ឋកិច្ចរបស់ខ្លួន និងត្រូវមានការសហការជាមួយក្រុមហ៊ុនដៃគូនានាបន្ថែមទៀត។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យខាងវិទ្យាស្ថានគួរតែគ្រប់គ្រងការផលិតពូជ ឈានទៅរកវិញ្ញាបនប័ត្រពូជស្រូវ និងបន្តពង្រីកខ្លួន រហូតដល់ក្លាយជារាជបណ្ឌិតសភាកសិកម្មនាថ្ងៃខាងមុខ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។