ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម អញ្ជើញចូលរួមប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យ និងអង្គភាពចំណុះវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា

(ភ្នំពេញ) ៖នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបានអញ្ជើញចូលរួមដឹកនាំប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យ និងអង្គភាពចំណុះវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា (CRRI) នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់ពីកិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យវិទ្យាស្ថានទាំងពីរ CARDI និង CRRI ធ្វើការពិនិត្យបន្ថែមទៀតលើការប្រើប្រាស់ពាក្យខ្មែរឱ្យត្រឹមត្រូវទៅតាមក្បួន ហើយឱ្យអ្នកអានងាយយល់ពីគោលបំណង និងខ្លឹមសារឱ្យបានច្បាស់លាស់។

ចំពោះ CRRI ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំថា ត្រូវធ្វើការងារបន្ថែមទៀត ដោយក្នុងនោះត្រូវថែរក្សានិងរៀបចំផ្ទៃដីកៅស៊ូចាស់ៗឱ្យក្លាយជាសារៈមន្ទីរកៅស៊ូឱ្យបានល្អ។ ហើយជាមួយគ្នានេះដែរ ត្រូវផ្តល់ពូជថ្មី និងបំបៅឱ្យមានប្រសិទ្ធភាពពូជមួយនៅកម្ពុជា ក្នុងគោលដៅអភិវឌ្ឍដំណាំកៅស៊ូ ដោយធ្វើការគាំទ្រដល់ប្រតិបត្តិការអភិវឌ្ឍកៅស៊ូលើខ្សែច្រវាក់ផលិតកម្មទាំងមូល។ ដើម្បីសម្រេចការងារ CRRI ត្រូវធ្វើយ៉ាងណាឱ្យមានការទទួលខុសត្រូវរួមគ្នាក្នុងការការពារកៅស៊ូតំបន់ ទាំងបច្ចេកទេស និងការឆ្លើយតបនឹងបញ្ហាអាកាសធាតុ ដោយក្នុងនោះត្រូវធ្វើការថែរក្សា ព្យាបាល និងជួសជុលកៅស៊ូឱ្យបានល្អ។ បន្ថែមលើនេះទៀត ត្រូវសិក្សាពីទីផ្សារកៅស៊ូ ដើម្បីទទួលបានតម្លៃល្អ មានស្ថិរភាព បង្កើនចំណូលមកវិញ។

សូមជម្រាបជូនថា វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា គឺអង្គភាពនីមួយៗមានការិយាល័យចំនួន១០ និងមជ្ឈមណ្ឌលចំនួន១ ដូចគ្នា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។