ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Takahashi FUMIAKI ប្រធានសមាគមជប៉ុន-កម្ពុជា និងវិនិយោគិនជប៉ុនប្រចាំនៅកម្ពុជា

(ភ្នំពេញ) ៖នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Takahashi FUMIAKI ប្រធានសមាគមជប៉ុន-កម្ពុជា និងវិនិយោគិនជប៉ុននៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី៦ ខែកុម្ភៈនេះ ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសូម ថ្លែងអំណរគុណដល់វិនិយោគិនជប៉ុនដែលបានសម្រេចចិត្តមកវិនិយោគនៅកម្ពុជា។

វិនិយោគិនជប៉ុនបានសិក្សាអំពីសរសៃសូត្រខ្មែរ ហើយរកឃើញថា សរសៃសូត្រខ្មែរមានសារជាតិប្រូតេអ៊ីនប្រកបដោយគុណភាព ដែលអាចយកទៅផលិតជាគ្រឿងសម្អាងរក្សាផ្ទៃមុខឱ្យក្មេងជាងវ័យ។ ឆ្លើយតបនឹងសំណើរបស់វិនិយោគិនជប៉ុន ឯកឧត្តម ឌិត ទីណា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជួយសម្រួលដំណើរការរៀបចំវិញ្ញាបនបត្រជូនភាគីជប៉ុន ដើម្បីបញ្ជាក់ពីប្រភពនៃដង្កូវនាងនិងសរសៃសូត្រឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

នៅក្នុងវិស័យវារីវប្បកម្ម វិនិយោគិនជប៉ុនបានបោះទុនចិញ្ចឹមត្រីទីឡាព្យា ស្របតាមស្តង់ដារបស់ជប៉ុន ដែលធ្វើឱ្យសាច់ត្រីមានគុណភាពខ្ពស់ និងអាចបរិភោគឆៅបាន។ សព្វថ្ងៃ ត្រីទីឡាព្យាដែលក្រុមហ៊ុននេះចិញ្ចឹម កំពុងតែចរាចរយ៉ាងមមាញឹកលើទីផ្សារកម្ពុជា និងកំពុងតែឈានទៅពង្រីកការចិញ្ចឹមបន្ថែមដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។

ការវិនិយោគផ្ទាល់របស់អ្នកវិនិយោគជប៉ុននៅកម្ពុជា គឺជាគំរូមួយដ៏ប្រសើរសម្រាប់អ្នកវិនិយោគបរទេសដទៃទៀត។ ខ្ញុំនៅតែបន្តលើកទឹកចិត្តចំពោះការវិនិយោគដោយផ្ទាល់ដូច្នេះ ដើម្បីការរីកចម្រើនក្នុងវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។