ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត ក្នុងថ្ងៃចម្រើនជន្មាយុគ្រប់៥៩ឆ្នាំ ឈានចូល៦០ឆ្នាំ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្ញើសារជូនពរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃថ្ងៃចម្រើនជន្មាយុគម្រប់៥៩ឆ្នាំ ឈានចូល៦០ឆ្នាំ។

តាមរយៈសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត បានយ៉ាងដូច្នេះថា៖ «ឯកឧត្តម ជាទីរាប់អាន! ស្ថិតក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់ ឯកឧត្តម គម្រប់ ៥៩ឆ្នាំ ឈានចូល ៦០ឆ្នាំ ខ្ញុំ និងភរិយា សូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូន ឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង និងមានអាយុយឺនយូរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ដែលជានិច្ចកាលតែងតែបានខិតខំបំពេញបេសកកម្មជាតិដ៏ថ្លៃថ្លា ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលកិច្ចការប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រី ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលលើកិច្ចការជាច្រើន ដើម្បីរួមចំណែកបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន សំដៅអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន ក៏ដូចជាការបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ជាថ្មីម្ដងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យសិរី សួស្តីជ័យមង្គលគ្រប់ប្រការដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបនូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម ទទួលនូវការស្រឡាញ់រាប់អានពីខ្ញុំ និងភរិយា»៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។