ព័ត៌មានជាតិ

Update ៖ ក្រោយទទួលបានដំណឹង ​លោកអភិបាល​ខណ្ឌទួលគោក​ បញ្ជាឱ្យមន្រ្តីចុះត្រួតពិនិត្យ​ទីតាំងហាង” បេប៊ីអោតឡេត(Baby outlet) ដែលបំពានលើចិញ្ចើមផ្លូវ ចាក់បេតុងហ៊ុំដើមឈើសាធារណៈចំនួន ៤ដើម

(ភ្នំពេញ)​៖​ រដ្ឋបាលខណ្ឌទួលគោក​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​៖​ ក្រោយពីទទួលបានដំណឹង និងការរាយការណ៍ពីប្រជាពលរដ្ឋតាមបណ្ដាញផ្សព្វផ្សាយសង្គមហ៊្វេសប៊ុក និងអង្គភាព​សារព័ត៌មាន​មួយចំនួនបានចុះថា៖​ អាជ្ញាធរជួយមើលផង ចាក់ស៊ីម៉ងត៍នឹងគល់បែបនេះ តើឈើនេះអាចរស់ដែរទេ? ទីតាំងមុខក្រសួងសុខាភិបាល។

រដ្ឋ​បាល​ខណ្ឌទួលគោក​ បានបញ្ជាក់បន្ថែមថា​ ភ្លាមៗនោះ នៅវេលាម៉ោង ១១:៥៨ នាទី ព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ ដោយមានបញ្ជាដឹកនាំរបស់ លោក ជា ពិសី អភិបាលខណ្ឌទួលគោក លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះពិនិត្យ និងណែនាំម្ចាស់ហាង បេប៊ីអោតឡេត(Baby outlet) ដែលបំពានលើចិញ្ចើមផ្លូវ ចាក់បេតុងហ៊ុំដើមឈើសាធារណៈចំនួន ៤ដើម នៅផ្លូវ ២៨៩ក្នុងសង្កាត់បឹងកក់២។ ជាក់ស្ដែង​គណៈបញ្ជាការឯកភាពខណ្ឌ បានឲ្យរុះរើបេតុងនោះចេញវិញ និងរៀបចំឲ្យមានសោភ័ណ្ឌភាពល្អដូចដើម ចំពោះដើមឈើដែលងាប់ត្រូវដាំឡើងវិញមានទំហំប៉ុនដូចគ្នា ព្រមទាំងធ្វើកំណត់ហេតុណែនាំ មិនអនុញ្ញាតឲ្យមានការធ្វើបែបនេះម្តងទៀតឡើយ ក្នុងករណីម្ចាស់ហាងមិនសហការណ៍ ហើយធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ឬងាប់ដើមឈើខាងលើនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ជាមួយគ្នានេះ​ រដ្ឋបាលខណ្ឌទួលគោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្ដាញសារព័ត៌មាន សាធារណជនទាំងអស់ដែលបានផ្ដល់ព័ត៌មានទាន់ហេតុការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការទប់ស្កាត់ជាបន្ទាន់ និងទាន់ពេលវេលា៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។