ព័ត៌មានជាតិ

កិច្ចប្រជុំត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាប

(សៀមរាប) ÷នាព្រឹកថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំលេខ១ សាលាខេត្តសៀមរាប បានរៀបចំនូវកិច្ចប្រជុំក្រុមការងារចុះត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី លោក លោកស្រី តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត និងលោក លោកស្រី អភិបាល ក្រុង/ស្រុក ក្នុងខេត្តសៀមរាប ។

តាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋានក្រុមកាងារបានបញ្ញាក់ថា រហូតមកដល់បច្ចុប្បន្នក្រុមការងារត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាបបានសម្រេចលទ្ធផលដូចខាងក្រោម ៖
១- ផ្នែកសេវាកម្មស្នាក់នៅទេសចរណ៍អនុវត្តបានចំនួន ៩៧កន្លែង ស្មើនឹង ៨៦,៦០% នៃទីតាំងអាជីវកម្មសេវាកម្មស្នាក់នៅដែលកំពុងដំណើរការ (ចំនួន ១១២ កន្លែង) ។
២- ផ្នែកសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍អនុវត្តបានចំនួន ៤៧ កន្លែង ស្មើនឹង ៩២,១៥% នៃទីតាំងអាជីវកម្មសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ដែលកំពុងដំណើរការ (ចំនួន ៥១ កន្លែង) ។
៣- ផ្នែករមណីយដ្ឋាន និងសហគមន៍អេកូ-ទេសចរណ៍អនុវត្តបានចំនួន ៥ សហគមន៍ ស្មើនឹង ១០០% នៃចំនួនសហគមន៍ទេសចរណ៍ដែលនៅដំណើរការចំនួន ០៥ សហគមន៍។

ដោយឡែកសម្រាប់អាជីវកម្មដែលនៅសេសសល់ ក្រុមការងារនឹងចុះធ្វើការត្រួតពិនិត្យឲ្យបានចប់សព្វគ្រប់នៅសប្តាហ៍ទីមួយនៃខែមករា ឆ្នាំ២០២១ ។

លោក អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំបានផ្តល់នូវអនុសាសន៍ដល់ក្រុមការងារ ត្រូវបន្តចុះផ្សព្វផ្សាយវិធានការនានារបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងដល់គ្រប់អាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប និងបន្តចុះពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍រហូតដល់វាក់សាំងត្រូវបានចែកចាយទូលំទូលាយ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។