ព័ត៌មានជាតិ

សមត្ថកិច្ចស្រាវជ្រាវរក​ឃើញ​ នឹងបង្ក្រាបទីតាំង​​ផលិត​ប្រេងម៉ាស៊ីន​ក្លែង​ក្លាយ​ប្រមាណ​ជាង​១២​តោន ​ចាប់ឃាត់ខ្លួន​ម្ចាស់​ទីតាំង​២​នាក់!

(ភ្នំពេញ) ៖ ទីតាំង​លួ​.​ច​លាក់​ផលិត កែ​ច្នៃ វេច​ខ្ចប់ ស្តុក និង​ចែកចាយ​ប្រេងម៉ាស៊ីន​ក្លែងក្លាយ​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ ចុះ​បង្ក្រាប​ឆែកឆេរ​និង​ដកហូត​ប្រេងម៉ាស៊ីន​ក្លែងក្លាយ​ម៉ាក TOTAL និង​ម៉ាក TRA CHANG ប្រមាណ​ជាង​១២​តោន ព្រមទាំង​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ចំនួន​២​នាក់​ផង​ដែរ​។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ចុះ​បង្ក្រាប​ប្រេងម៉ាស៊ីន​ក្លែងក្លាយ​ខាងលើ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៣​នេះ ស្ថិត​នៅ​ចំណុច​ទីតាំង​ឃ្លាំង​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​លេខ​១០០៣ ក្នុង​មូលដ្ឋាន​ភូមិ​ឡរ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ប្រតិបត្តិការ​ខាងលើ​នេះ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន់​ធឿ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​សម្របសម្រួល​ដោយ​លោក សេង ម៉េ​ង​ស្រ៊ុ​ន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

បើ​តាម​នគរបាល​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានអោយ​ដឹង​ថា ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន «Tilleke & Gibbins (Cambodia) Ltd.» ដែល​ជា​ក្រុមហ៊ុន​តំណាង​ឲ្យ​ក្រុមហ៊ុន «TotalEnergies» និង​មានការ​ស៊ើបអង្កេត ស្រាវជ្រាវ​របស់​សមត្ថកិច្ច​អស់​រយៈពេល​ប្រហែល​០២​ខែ​មក​ហើយ​។

តាម​នគរបាល​អោយ​ដឹង​បន្ត​ថា ទីតាំង​ខាងលើ​នោះ បាន​លួ​.​ច​លាក់ កែ​ច្នៃ វេច​ខ្ចប់ ស្តុក និង​ចែកចាយ​ប្រេងម៉ាស៊ីន ម៉ាក TOTAL និង​ម៉ាក TRA CHANG ក្លែងក្លាយ​។

ក្រោយ​ពី​ធ្វើការ​ឆែកឆេរ និង​ត្រួតពិនិត្យ​ជាស់​ស្តែង សមត្ថកិច្ច​បាន​រក​ឃើញ​នូវ​សម្ភារៈ​បំរើ​ឲ្យ​ការងារ​វេច​ខ្ចប់​ប្រេងម៉ាស៊ីន​ក្លែង​ក្លាយជា​ច្រើន មាន​ដូច​ជា ៖ សំបក​ពុ​យ​, សំបក​ធុង​, សំបក​កេស​, សំបក​ដប​, តែមប្រិ៍​, ស្ទ័​គ​ឃ័​រ រួម​នឹង​ឧបករណ៍​សម្រាប់​ច្រក​ចំនួន​០២ ព្រមទាំង​ប្រេងម៉ាស៊ីន​ច្រក​រួច​ហើយ​ប្រមាណ​ជិត​៣០០​កេស ដែល​សរុប​ទាំងអស់​ប្រមាណ​ជាង​១២​តោន​។

តាម​សមត្ថកិច្ច​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាន​ត្រួតពិនិត្យ​ចប់ លោក​ព្រះរាជអាជ្ញា​រង បាន​សម្រេច​អោយ​សមត្ថកិច្ច​ធ្វើការ​ដកហូត​សម្ភារៈ​ទាំងអស់​ខាងលើ យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​ដាក់​សម្ភារៈ​នៃ​ទីតាំង​ខាងលើ និង​បិទ​ឃ្លុំបេរ ផ្អាក​ដំណើរការ​ទីតាំង​ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ពិនិត្យ​ស្រាវ​ជ្រាវ​បន្ត​ទៀត​។ ដោយឡែក​ចំពោះ​ម្ចាស់​ទីតាំង​ទាំង​២​នាក់ (​ក្នុង​នោះ​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់​) ត្រូវ​បាន​សមត្ថកិច្ច​អញ្ជើញ​ទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។