ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ណែនាំងកងកម្លាំងនគរបាលទាំងអស់ ត្រូវខិតខំបំពេញការងារ លើកមុខមាត់រាជរដ្ឋាភិបាលអាណត្តិថ្មី

(ភ្នំពេញ) ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំទៅថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទាំងអស់ ត្រូវកែសម្រួលអត្តចរិក និងខិតខំបំពេញភារកិច្ចការងារ ឲ្យបានល្អប្រសើរ ដើម្បីលើកមុតមាត់រាជរដ្ឋាភិបាលអាណត្តិថ្មី និងមានទំនុកចិត្តពីប្រជាពលរដ្ឋ។

ក្នុងឱកាសប្រកាសតែងតាំងមុខតំណែងអគ្គស្នងការរងគរបាលជាតិ និងប្រគល់ភារកិច្ចជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា មន្ត្រីនគរបាលទាំងអស់ត្រូវចងចាំថា ការទទួលបាននូវភារកិច្ចតួនាទីរបស់ខ្លួន សុទ្ធសឹងតែជាការទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំពីជំនានមុន រហូតដល់បច្ចុប្បន្ន ដូចនេះត្រូវបំពេញភារកិច្ចឲ្យបានត្រឹមត្រូវ។

អគ្គស្នងការនគរបាលជាតិរូបនេះ បានបន្តថា ការបំពេញភារកិច្ចនេះ ត្រូវធ្វើទៅតាមច្បាប់ មិនត្រូវធ្វើអ្វីដែលខុស ដើម្បីផលប្រយោជន៍ខ្លួន ប៉ះពាល់ប្រយោជន៍របស់ប្រជាពលរដ្ឋ និងធ្វើឲ្យអាបអោនដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ នៅក្នុងអាណត្តិថ្មី នឹងធ្វើឲ្យមានការរិះគន់ពីមហាជន។

លោកបន្ថែមថា ចំពោះការបម្រើសេវាជូនប្រជាពលរដ្ឋ គឺនៅតាមប៉ុស្តិ៍នគរបាលនីមួយៗ ត្រូវមានកម្លាំងនៅប្រចាំការ មិនមែនពេលមានពលរដ្ឋទៅដាក់ពាក្យបណ្ដឹង គ្មានអ្នកចាំទទួលបណ្ដឹង ធ្វើឲ្យពួកគេពិបាកក្នុងការសុំអន្តរាគមន៍ពីសមត្ថកិច្ច នៅពេលមានកើតហេតុណាមួយ។ មួយវិញទៀតប្រព័ន្ធ Hot Line ត្រូវមានអ្នកប្រចាំការ ២៤ម៉ោងលើ២៤ ដើម្បីលើកទូរស័ព្ទឆ្លើយតបការសុំអន្តរាគមន៍ពីប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ ស ថេត បានបន្ដទៀតថា កម្លាំងនគរបាលនៅគ្រប់រាជធានីខេត្ត ត្រូវខិតខំទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដែលកើតឡើងនៅតាមមូលដ្ឋាន ដូចជាបញ្ហាចោរកម្ម ក្មេងទំនើង និងបញ្ហាគ្រឿងញៀនជាដើម ដើម្បីកុំឲ្យមានការព្រួយបារម្ភដល់ប្រជាពលរដ្ឋ ហើយកុំឲ្យបទល្មើសទាំងអស់នោះ ក្លាយជាជំងឺរ៉ាំរ៉ៃ។

ជាមួយគ្នានេះ លោកក៏បានជំរុញដល់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលទើបទទួលតំណែងជាអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ត្រូវតែខិតខំថែរក្សាសុខសុវត្ថិភាព ក្នុងរាជធានីភ្នំពេញ ដែលជាគោលដៅស្នូល ក្នុងការការពារ ព្រោះមានបណ្ដុំដោយថ្នាក់ដឹកនាំជាតិកំពូលៗ បណ្ដាអង្គទូត និងស្ថាប័នអង្គការអន្តរជាតិធំៗជាច្រើន។

ដើម្បីតបស្នងសងគុណចំពោះថ្នាក់ដឹកនាំ គ្រប់ថ្នាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ សូមធ្វើការប្ដេជ្ញាចិត្ត ប្រកបដោយការទទួលខុសត្រូវ ខ្ពស់ចំពោះតួនាទីរបស់លោក ដូចខាងក្រោម៖

*ទី១៖ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ

*ទី២៖ ការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីឆន្ទៈរាស្ត្រ និងចូលរួមអនុវត្តឲ្យ បានសម្រេចជោគជ័យនូវគ្រប់កម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាល ជាពិសេសរក្សាការពារឲ្យបានស្ថិតស្ថេរ គង់វង្សនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសមិទ្ធផលនានាដែល រាជរដ្ឋាភិបាលខិតខំកសាងតាំងពីបាតដៃទទេរ រហូតមកទល់បច្ចុប្បន្ន និងទៅថ្ងៃអនាគត

*ទី៣៖ គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ញត្តិ បទបញ្ជា និងគោលការណ៍នានារបស់ថ្នាក់ ដឹកនាំគ្រប់ថ្នាក់ ជាពិសេសបទបញ្ជា ០០៦ របស់កងកម្លាំងនគរបាលជាតិ

*ទី៤៖ ដឹកនាំមន្ត្រីក្រោមឱវាទប្រកបដោយគុណធម៌ បង្កើនចំណងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ រួមសុខ រួមទុក្ខជាមួយមន្ត្រីគ្រប់កាលៈទេសៈ។ ទន្ទឹមនោះ ខិតខំលើកកម្ពស់គុណភាពមន្រ្តី ទាំងសមត្ថភាពជំនាញ វិន័យ សីលធម៌វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សំដៅលើកស្ទួយកិត្តិយស និងកិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ

*ទី៥៖ តម្កល់ផលប្រយោជន៍អង្គភាពខ្ពស់ ដោយខិតខំបន្តកសាងសមិទ្ធផលនានាចំណុះស្នងការដ្ឋាន ឲ្យស័ក្តិសមជាបង្អែកផ្នែកសន្តិសុខយ៉ាងរឹងមាំ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប

*ទី៦៖ បង្កើនកិច្ចសហការជិតស្និទ្ធជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនានា ក៏ដូចជាបណ្តាខេត្តជាប់ព្រំប្រទល់ ដើម្បីការពារធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម

*ទី៧ លើកកម្ពស់ការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយខិតខំជំរុញ ការផ្តល់សេវាតម្រូវការចាំបាច់ សេវាផ្នែកសន្តិសុខ ទាំងផ្លូវកាយ និងផ្លូវចិត្តជូនប្រជាពលរដ្ឋដោយភក្តីភាព និងមាន តម្លាភាព សំដៅបង្កើនភាពកក់ក្តៅ និងជំនឿជឿជាក់របស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។