ព័ត៌មានជាតិ

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំឱ្យដំឡើងប្រាក់ឈ្នួលរបស់កម្មករសម្រាប់ឆ្នាំ២០២៤ ទោះតិច ឬច្រើន ត្រូវតែដំឡើង

(ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ត្រូវពិភាក្សាគ្នាយ៉ាងណាដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ទោះតិច ឬច្រើន គឺត្រូវតែដំឡើងជូនពួកគាត់។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំយ៉ាងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

គូរជម្រាបថា នៅក្នុង២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០០ដុល្លារក្នុងមួយខែ។

ឯកឧត្តមនាយករដ្ឋមន្ត្រីបានណែនាំថា ក្រសួងការងារមានភារកិច្ចខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ដោយឈរលើលក្ខណៈវិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យ ដែលមានចែងក្នុងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុនពេលឈប់សម្រាកនាឱកាសបុណ្យភ្ជុំបិណ្ឌ ពោលគឺទោះបីតិច ឬច្រើន ត្រូវតែដំឡើងជូនកម្មករនិយោជិត។

ឯកឧត្តមបណ្ឌិតបានបន្តថា ការពន្លឿនការពិភាក្សាប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតឱ្យបានឆាប់នេះ គឺដើម្បីឱ្យកម្មករនិយោជិតបានដឹងមុនថា ឆ្នាំ២០២៤ ប្រាក់ឈ្នួលអប្បបរមារបស់ពួកគាត់ឡើងបានប៉ុន្មានទៀត ហើយនៅពេលពួកគាត់ទៅលេងស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌនោះ ក៏បានពាំនាំដំណឹងនេះប្រាប់ឪពុកម្ដាយឱ្យសប្បាយចិត្តផងដែរ។

សូមបញ្ជាក់ដែរថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ គឺត្រូវបានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចពិភាក្សាចំនួន២លើកមកហើយ ប៉ុន្តែភាគីទាំង៣ដែលមានភាគីរាជរដ្ឋាភិបាល ភាគីកម្មករនិយោជិត និងភាគីនិយោជក មិនទាន់បង្ហាញតួលេខយ៉ាងណានោះទេ។ ខណៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានដាក់កាលបរិច្ឆេទនៃការប្រជុំពិភាក្សាបន្ត គឺនឹងបន្តធ្វើឡើងនៅថ្ងៃទី៤ ខែកញ្ញា, ថ្ងៃទី១១ ខែកញ្ញា, ថ្ងៃទី១៨ ខែកញ្ញា, ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២ ខែតុលា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។