ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តមអនុរដ្ឋមន្ដ្រី ក្រសួងការបរទេសឥណ្ឌូនេស៊ី

(ភ្នំពេញ) ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា បានជួបពិភាក្សាការងារជាមួយ​ឯកឧត្តម Pahala Nugraha Mansury អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និង​គណៈប្រតិភូ នៅទីស្ដីការក្រសួង។ ជាកិច្ចពិភាក្សាដែលធ្វើឡើងតែ៥ថ្ងៃប៉ុណ្ណោះ ក្រោយជំនួបតាមទូរសព្ទរវាងសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ដែលបានបញ្ជាក់អំពីបំណងក្នុងការនាំអង្ករពីកម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអ​នុរដ្ឋមន្ដ្រី Pahala Nugraha Mansury បា​នសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់អំពីសន្តិសុខស្បៀងនៅក្នុងប្រទេស និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ ដើម្បីធានាសន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូនេស៊ី។

ឯកឧត្តមបានសង្កត់ធ្ងន់ថា វត្តមានអង្កររបស់កម្ពុជានៅលើទីផ្សារឥណ្ឌូនេស៊ី នឹងក្លាយជាសក្ខីភាពថ្មីមួយទៀត ក្នុងការបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យពាណិជ្ជកម្ម ខណៈកម្ពុជាមានអង្ករដែលមានគុណភាពល្អ និងជាពិសេសមានការទទួលស្គាល់ និងនាំចូលដោយប្រទេសជាសមាជិកអាស៊ានចំនួន៨ ក្នុងចំណោមសមាជិកទាំង១០ប្រទេស។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានបញ្ជាក់ពីគោលជំហររបស់កម្ពុជាក្នុងការជួយដល់មិត្តដែលកំពុងមានតម្រូវការ ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋម​ន្ដ្រី ហ៊ុន សែន។ ក្រសួងកសិកម្មកម្ពុជានឹងជួយសម្រួលដល់ការនាំចេញអង្កដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូណេសុីជាមិត្ត។ ការងារនេះក៏នឹងមានការសហការគាំទ្រពីវិស័យឯកជនកម្ពុជា ដែលមានសហព័ន្ធស្រូវអង្ករជាតួអង្គសំខាន់។

ជាមួយគ្នានេះ កិច្ចពិភាក្សាក៏បានផ្តោតទៅលើការចាប់អារម្មណ៍របស់ភាគីឥណ្ឌូណេស៊ីក្នុងការវិនិយោគក្នុងផ្នែកខ្លះនៃខ្សែច្រវាក់តម្លៃនៃវិស័យកសិកម្ម ដែលមានដូចជា រោងម៉ាសុីនកិនស្រូវ ឃ្លាំងស្តុក ឬហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក។ ភាគីឥណ្ឌូណេស៊ីក៏ចាប់អារម្មណ៍ក្នុងការវិនិយោគផ្គត់ផ្គង់ជីអុយរ៉េ មកកម្ពុជាផងដែរ។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានគូសបញ្ជាក់ទៅកាន់ភាគីឥណ្ឌូនេស៊ីថា កម្ពុជាបើកចំហរទ្វារជានិច្ច សម្រាប់ឥណ្ឌូនេស៊ី ក្នុងការវិនិយោគក្នុងខ្សែច្រវាក់នៃវិស័យកសិកម្មរបស់កម្ពុជា និងជួយជ្រោមជ្រែងឱ្យដំណើរការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារឥណ្ឌូនេស៊ីអាចប្រព្រឹត្តទៅកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។