ព័ត៌មានជាតិ

អបអរសាទរ សន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម

(កំពង់ចាម) ៖នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និង ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការបក្សខេត្ត បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ សន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសរសេរ១០០ សម្តេចតេជោ ហ៊ុន សែន នគរបាជ័យ ក្រុងកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះជួយក្រុង ស្រុក គណៈអចិន្ត្រៃយ៍បក្សខេត្ត គណបក្សមូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់ ទូទាំងខេត្ត សរុបជាង៤០០ នាក់។

បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត អានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងទិសដៅបន្តរបស់គណបក្សខេត្ត ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារចុះជួយខេត្ត បានមានប្រសាសន៍ថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺអាស្រ័យលើយើងទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងយ៉ាងស្មើដៃគ្នា សាមគ្គីភាព ការយោគយល់គ្នា និងរួមដៃសហការគ្នាជាមួយមន្ត្រីគណបក្សនៅមូលដ្ឋាន បម្រើសេវា និងដោះស្រាយបញ្ហាជូនប្រជាជន នៅតាមភូមិឃុំ សង្កាត់ ទូទាំងខេត្តកំពង់ចាម។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអរគុណដល់ក្រុមការងារ គណៈពង្រឹងទាំងអស់ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ ចំពោះការខិតខំកន្លងមក ហើយឯកឧត្តមសង្ឃឹមយ៉ាងម៉ត់មាំថា យើងនឹងបន្តខិតខំរួមគ្នាបន្ថែមទៀត ដើម្បីបង្កើនការគាំទ្រ ដើម្បីនាំមកនូវភាពជោគជ័យជូនគណបក្សប្រជាជនកម្ពុជា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។