ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តបុទុមវតី

(ភ្នំពេញ) :នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិទាំងអស់នៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីរៀបចំសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី០៦នៅវត្តបុទុមវតី ហៅវត្តបទុមវតីរាជវរារាម ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នាឱកាសដ៏ឧត្តុងឧត្តមនេះ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ បានអញ្ជើញបូជាថ្វាយនូវគ្រឿងសក្ការៈផ្សេងៗចំពោះព្រះរតនត្រ័យដែលជារតនៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងលោក។ ជាកិច្ចបន្ទាប់ សម្ដេចក្រឡាហោម និងលោកជំទាវ ក៏បានអញ្ជើញសមាទានសីល និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា ដើម្បីឧទ្ធិសមគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំង មន្ដ្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោក។លុះព្រឹកឡើងថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ និងមានរៀបចំពិធីរាប់បាត្រ បង្សុកូល វេរប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ និងពហូដារឆ្លងជាកិច្ចបង្ហើយបុណ្យ។

ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ តែងតែដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមពិធីបុណ្យកាន់បិណ្ឌនៅតាមវត្តអារាមនានាយ៉ាងខ្ជាប់ខ្ជួន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

សូមជម្រាបផងដែរថា ពិធីបុណ្យកាន់បិណ្ឌ ជាបុណ្យប្រពៃណីជាតិខ្មែរយ៉ាងល្អផូរផង់ ដែលប្រជាជនខ្មែរ តែងតែប្រារព្ធធ្វើតាមបវេណីព្រះពុទ្ធសាសនាតាំងពីយូរលង់ណាស់មកហើយ ជាទូទៅ ពុទ្ធសាសនិកតែងតែនាំគ្នាប្រតិបត្តិធ្វើតាមទីវត្តអារាម គ្រប់ទីកន្លែងនៅទូទាំងប្រទេសគឺចាប់ផ្ដើមប្រារព្ធឡើងពីថ្ងៃទី១រោចដល់ថ្ងៃទី១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។ ពិធីបុណ្យភ្ជុំបិណ្ឌ រៀបចំឡើងក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ឧបការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានរំលាយក្ខន្ធទៅលោកខាងមុខ និងបានជាចំណែកសម្រាប់កសាងនូវបុណ្យកុសលសម្រាប់ពេលបច្ចុប្បន្ន និងតទៅថ្ងៃអនាគតរៀងៗខ្លួនផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។