ព័ត៌មានជាតិ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​ជួប​សំណេះសំណាល​ សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​បំផុត​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ចំនួន​ ១.២៥០​គ្រួសារ​នៅ​ខណ្ឌ​ច្បារ​អំពៅ​

(​ភ្នំពេញ​) ៖​ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ទី​២៥​ ខែតុលា​ ឆ្នាំ​២០២០​នេះ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ និង​គណៈប្រតិភូ​ រួម​ជាមួយ​សប្បុរស​ជា​ច្រើន​រូប​ បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​បំផុត​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ចំនួន​ ១.២៥០​គ្រួសារ​ រស់នៅ​ក្នុង​សង្កាត់​ ចំនួន​៦​ (​ក្នុង​ចំណោម​សង្កាត់​ទាំង​ ៨)​ នៃ​ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។​

​ក្នុង​ឱកាស​នោះ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ បាន​ពាំនាំ​ព្រះរាជ​បន្ទូល​របស់​ ព្រះករុណា​ ព្រះមហាក្សត្រ​ និង​ សម្តេចព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ដែល​ព្រះ​អង្គ​ទាំង​ទ្វេ​តែងតែមាន​ព្រះរាជ​ហឫទ័យ​យកចិត្តទុកដាក់​ និង​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជានុរាស្ត្រ​គ្រប់ពេលវេលា ​។​

ទន្ទឹម​នឹង​នេះ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​សម្តែង​នូវ​មនោសញ្ចេតនា​អាណិតអាសូរ​ ចែករំលែក​នូវ​ការ​លំបាក​ ការ​សោកស្តាយ​យ៉ាង​ក្រៃ​លែង​ និង​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​អ្នក​ស្លាប់​ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ទទួល​រង​គ្រោះ​ដោយ​ទឹកជំនន់​ ដែល​ជា​គ្រោះ​ធម្មជាតិ​បង្ក​ឡេ​ី​ង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​។​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ក៏​បាន​គូសបញ្ជាក់​បន្ថែម​ថា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​ផ្ទាល់​ រួម​ជាមួយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ តែងតែ​នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​ និង​មិន​ទុក​ ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល​ឡើយ​។​

​សូម​បញ្ជាក់​ថា​ គ្រួសារ​រង​គ្រោះ​នីមួយៗ​ទទួល​បាន​ ៖​ អង្ករ​ ៣០​គីឡូក្រាម​ មី​ ១​កេស​ ត្រីខ​ ១០​កំប៉ុង​ ទឹកត្រី​ ៦​ដប​ ទឹក​សុទ្ធ​អរុណា​ ១​កេស​ ឃី​ត​ ១​កញ្ចប់​ (​មុង​១​ ភួយ​១​ សារុង​១​ ក្រមា​១​ អាវយឺត​២)​ នំប៉័ង​ផ្អែម​ ១​នំ​ និង​ទឹកបរិសុទ្ធ​ ១​ដប​ ។​

​សូម​ជម្រាប​ជូន​ថា​ ក្នុង​រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​៤​ លើ​ខណ្ឌ​១៤​ ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ ក្នុង​នោះ​មាន​ ផ្ទះ​ចំនួន​ ១០.៨៨៣​ខ្នង​ រង​ផល​ប៉ះពាល់​ និង​មាន​អ្នក​រង​គ្រោះ​សរុប​ចំនួន​ ១០.៨២៥​គ្រួសារ​។​ ខណ្ឌ​រង​គ្រោះ​ទាំង​៤​ មាន​ខណ្ឌដង្កោ​ ៥.៥៨៧​គ្រួសារ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ៣.១៨១​គ្រួសារ​ ខណ្ឌ​ច្បារ​អំពៅ​ ១.៦៧២​គ្រួសារ​ និង​ខណ្ឌ​កំ​បូល​ ៣៨៥​គ្រួសារ​ ៕រស្មីនគរ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។