ព័ត៌មានជាតិ

ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជា ៣០៩​ ៥០៣នាក់ ចូលមកកាន់ខេត្តសៀមរាបនឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២២

(សៀមរាប) :ក្រោមម្លប់សន្តិភាព​បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាព និងការអនុវត្តតាមគោលនយោបាយចាក់ស្រោចវ៉ាក់សាំងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វេីឱ្យជំងឺកូវីដ-១៩មានការថមថយ​ កត្តានេះបានធ្វេីឱ្យប្រជាពលរដ្ឋមានសិទ្ធសេរីការដេីរហេីរគ្រប់ទីកន្លែង​ ក៏ដូចគោរពប្រតិបត្តិនូវទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន ដែលបុព្វបុរសដូនតា បានបដិបត្តិតរៀងមក ទៅតាមរដូវកាលនៃពិធីបុណ្យនីមួយៗ សំខាន់នោះក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ។

ក្នុងដំណើរកម្សាន្តនៅខេត្តសៀមរាបប្រជាពលរដ្ឋបានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភាបាលកម្ពុជា និង ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្ត លើការអភិវឌ្ឍន៍ខេត្តសៀមរាប នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង ក៏ដូចជាសោភណ្ឌភាពនៅតាមដងស្ទឹងប្រវត្តិសាស្ត្រ និង តំបន់រមណីយដ្ឋានអង្គរ ប្រកបទៅដោយបរិស្ថាន អនាម័យល្អ ដែលបានធ្វើការទាក់ទាញនូវអារម្មណ៍ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត។

តាមការបញ្ជាក់របស់លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ក្នុងឱកាសថ្ងៃឈប់សម្រាករយៈពេល៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះមានភ្ញៀវទេសចរចូលមកកាន់ខេត្តសៀមរាបឆ្នាំ២០២២ មានចំនួនប្រមាណ ៣០៩​ ៥០៣ នាក់ កេីន ១១៩,១៦% បើធៀបទៅ២០២១ ចំនួនប្រមាណ ១៤១​ ២១៩នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ និង បងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានចំនួនប្រមាណ ៣០០​ ០០០នាក់ កេីន ១១៤,២៨% ធៀបឆ្នាំ២០២១ ចំនួនប្រមាណ ១៤០​ ០០០នាក់​ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ទៅរមណីយដ្ឋានអង្គរ , ឧទ្យានជាតិភ្នំគូលែន ,តំបន់ទន្លេសាប និង សហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗ ព្រមទាំងភ្ញៀវទេសចរបរទេសចំនួន​ ៩​ ៥០៣នាក់ កេីន ៦៧៩,៥៧% ធៀបឆ្នាំ២០២១ ចំនួន ១​ ២១៩នាក់។

ក្នុងព្រឹត្តិការណ៍បុណ្យអុំទូកនេះ បានធ្វេីឱ្យមានចំណូលហូរចូលចរន្តសេដ្ឋកិច្ចខេត្តសៀមរាប ដែលបានមកពីការចំណាយថ្លៃស្នាក់នៅ ម្ហូបអាហារ​ ការធ្វើដំណើរ​ ការចំណាយទិញវត្ថុអនុស្សាវរីយ៍​ មគ្គុទ្ទេសក៏ និងការចំណាយទៅលើសេវាកម្មផ្សេងៗ ជាច្រើនទៀតផង ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។