ព័ត៌មានជាតិ

អាជ្ញាធរក្រុងបាត់ដំបងបើកប្រតិបត្តិការប្រមូល ជនមានសតិមិនគ្រប់និងជនញៀនថ្នាំជិត ៥០នាក់ បញ្ជូនទៅអប់រំ និងមណ្ឌលកែប្រែ!

(បាត់ដំបង) ៖ អាជ្ញាធរក្រុងបាត់ដំបង ចុះប្រមូលជនវិបល្លាសជនមានសតិមិនគ្រប់ និងជនញៀនថ្នាំជិត ៥០នាក់ បញ្ជូនទៅអប់រំ និងកែប្រែនៅមណ្ឌលសំចតសង្គមកិច្ច។

លោក លាង វាសនា អភិបាលក្រុងបាត់ដំបង នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២៣នេះបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព បន្តប្រមូលយកជនវិបល្លាស ជនសតិមិនគ្រប់ និងជនញៀនថ្នាំ ដើម្បីនាំយកទៅកាន់មណ្ឌលបន្សាបព្យាបាល និងស្តានិតិសម្បទា និងមណ្ឌលសំចតមន្ទីរសង្គមកិច្ចខេត្ត។

លោកអភិបាលក្រុងបាត់ដំបង បានឱ្យដឹងថា÷ យុទ្ធនាការប្រមូលបងប្អូននេះ គឺអនុវត្តតាមការណែនាំរបស់លោក សុខ លូ អភិបាលខេត្ត ក្រោមការយកចិត្ដទុកដាក់លើកកម្ពស់សោភ័ណភាព អនាម័យ ធ្វើឱ្យទីក្រុងស្អាត ពិសេសការលុបបំបាត់មិនឱ្យមានជនវិបល្លាស សតិមិនគ្រប់ និងជនញៀនថ្នាំនៅតាមទីសាធារណៈនានា។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុង បានបញ្ជាក់ថា÷ ជនវិបល្លាស សតិមិនគ្រប់ និងជនញៀនថ្នាំ ដែលកម្លាំងចុះប្រមូលបានខាងលើនេះសរុបចំនួន ៤៥នាក់ ក្នុងនោះស្រី៧នាក់ មួយចំនួនបញ្ជូនទៅកាន់មណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទាកែស៊ីនួន ក្នុងស្រុករតនៈមណ្ឌល និងមួយចំនួនទៀតបញ្ជូនទៅកាន់មណ្ឌលសំចតមន្ទីរសង្គមកិច្ច ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។