ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ស្ដីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

(កំពង់ចាម) ÷នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅទីបញ្ជាការនៃបញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ។

កិច្ចប្រជុំបានដំណើរការតាមរយៈប្រព័ន្ធវីដេអូ Conference និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ លោកនាយករដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម ស្នងការនគរបាលខេត្ត និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

គួររំលឹកដែរថា៖ អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខៈ១២៧ ស.ស.រ. ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបន្តអប់រំផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្ត បទបញ្ជាពាក់ព័ន្ធនឹងធនធានធម្មជាតិ ជាមួយគ្នានោះបានពង្រឹងយន្តការថ្នាក់រាជធានី ខេត្ត ក្នុងការប្រើប្រាស់កម្លាំងសរុបរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ធ្វើការទប់ស្កាត់ និងបង្ក្រាបការកាប់ព្រៃឈើ ការដឹកឈើ ការនាំចេញឈើខុសច្បាប់ ការចាប់សត្វព្រៃ ការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់រានទន្ទ្រានយកដីរដ្ឋ និងការរុករករ៉ែដោយខុសច្បាប់។ គណៈកម្មការជាតិ បានបន្តអនុវត្តនូវភារកិច្ចរបស់ខ្លួន ដោយបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងមាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។