ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពច្រាំងទន្លេបាក់ស្រុត នៅស្រុកស្ទឹងត្រង់

(កំពង់ចាម) ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ នេះ បានអញ្ជើញដឹកនាំក្រុមការងារខេត្ត សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីជំនាញពាក់ព័ន្ធ ចុះជួប សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យមើលស្ថានភាពច្រាំងទន្លេបាក់ស្រុត ដែលធ្វើឲ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណជា ៤០ គ្រួសារ រស់នៅតាមបណ្ដោយដងទន្លេមេគង្គ ក្នុងឃុំចំនួន៤ នៃស្ទឹងត្រង់ និងបានង្ករការប៉ះពាល់ដល់ផ្លូវបេតុង និងផ្លូវកៅស៊ូ ជាច្រើនកន្លែងផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ឃុំដែលរងផលប៉ះពាល់ដោយសារបាក់ច្រាំងទន្លេនេះ មានដូចជា ៖ ឃុំព្រែកកក់ ឃុំពាមកោះស្នា ឃុំព្រះអណ្ដូង និងឃុំខ្ពបតាងួន ដែលសរុបប្រវែងច្រាំងទន្លេបាក់ស្រុតនោះ ប្រមាណជាង ១,០០០ ម៉ែត្រ ក្នុងនោះ ឃុំដែលរងការខូចខាតធ្ងន់ធ្ងរ គឺឃុំព្រែកកក់ ដែលអាចប្រឈមនឹងការកាត់ផ្តាច់ផ្លូវបេតុង ធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិមិនអាចធ្វើដំណើរបាន ។

ដោយឡែកនៅក្នុងឃុំព្រះអណ្ដូង បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដែរ ប្រវែងប្រហែលជា ១០០ ម៉ែត្រ និងឃុំ ខ្ពបតាងួន ប្រវែងជាង ១០០ ម៉ែត្រផងដែរ ដែលអាចប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ និងផ្លូវបេតុង។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្រុមការងារដែលបានចុះពិនិត្យស្ថានភាពបាក់ច្រាំងទន្លេនោះ មានអាជ្ញាធរខេត្ត និងលោកអគ្គនាយកបច្ចេកទេស តំណាងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការសិក្សាលើបញ្ហានោះ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសុំគោលការណ៍ ពីលោករដ្ឋមន្ត្រីក្រសួងធនធានទឹក ពិនិត្យមើលលទ្ធភាព នៃការជួសជុល ស្ដារឡើងវិញច្រាំងដែលបានបាក់នោះជាបន្ទាន់តែម្តង ៕

default

default
default
default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។